ជាង៣ឆ្នាំមកនេះ អ្នកជាប់ឃុំទទួលបានការផ្តល់សេវាសុខភាពពីពន្ធនាគារជាង ១លានករណី
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជាង ៣ឆ្នាំមកនេះ អគ្គនាយកដ្ឋានពន្ធនាគារបានផ្តល់សេវាសុខភាពដល់ជនជាប់ឃុំជាង ១លានករណី និងបណ្តុះបណ្តាលជំនាញដល់ទណ្ឌិតជាង ១ម៉ឺន៧ពាន់នាក់។
ឧត្តមសេនីយ៍ទោ ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន AMS ថា នៅតាមមណ្ឌលកែប្រែ និងពន្ធនាគារទូទាំងប្រទេស មានមន្រ្តីសុខាភិបាលប្រចាំការនៅទីនោះ ជាពិសេសនៅតាមបណ្ឌលកែប្រែ មានប៉ុស្តិ៍សុខភាពមួយសម្រាប់ផ្ដល់សេវាពិនិត្យសុខភាពដល់អ្នកជាប់ឃុំ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយក្រសួងសុខាភិបាល។
ឧត្តមសេនីយ៍ទោបន្តថា៖សម្រាប់ក្របខណ្ឌមន្រ្តីពេទ្យនៅតាមពន្ធនាគារគឺយើងរាយនៅគ្រប់តាមពន្ធនាគាររាជធានីខេត្ត ហើយក្នុងក្របខណ្ឌទូទាំងប្រទេសយើងមានមន្រ្តីពេទ្យប្រហែលជាង ១០០នាក់ជាងដែរនៅតាមបណ្ឌលកែប្រែ ហើយបើតាមគោលការណ៍ដែលប្រមុខរដ្ឋាភិបាលបានឯកភាពនោះក៏យើងមានគោលការណ៍ដើម្បីរើសមន្រ្តីពេទ្យបន្ថែមដែរដើម្បីបំពេញតាមអង្គភាពដែលមានតម្រូវការផងដែរ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ផងដែរថា ការដាក់ប៉ុស្តិ៍ពិនិត្យសុខភាពតាមបណ្ឌលអប់រំកែប្រែ គឺជារឿងចាំបាច់បំផុត និងជាផ្នែកមួយផ្តល់សេវាសុខភាពដល់ជនជាប់ឃុំ ប៉ុន្តែការផ្ដល់សេវាសុខភាពនេះ គឺមានកម្រិត ដោយសារមានប្រភេទជំងឺខ្លះ គឺលើសពីសមត្ថភាពក្រុមគ្រូពេទ្យតាមមណ្ឌលមើលការថែទាំ ដូច្នេះត្រូវសុំគោលការណ៍ដើម្បីបញ្ជូនអ្នកជំងឺទៅព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។
សម្រាប់អ្នកជាប់ឃុំថ្មីដែលទើបបញ្ជូនមក ចាំបាច់ត្រូវពិនិត្យសុខភាពបឋមដល់ពួកគាត់ដើម្បីចុះក្នុងបញ្ជីសុខភាពនៅតាមបណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។ ក្រៅពីមន្រ្តីគ្រូពេទ្យប្រចាំមណ្ឌល និងពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ ក៏អនុញ្ញាតឲ្យក្រុមគ្រូពេទ្យមកពីអង្គការផ្សេងៗចូលព្យាបាលអ្នកជាប់ឃុំក្នុងមណ្ឌល និងពន្ធនាគារផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឃៀង សុណាឌីន។
លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងទៀតថា អ្នកជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅទូទាំងប្រទេសក៏ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ សម្រាប់ជាមុខរបរចិញ្ចឹមជីវិតក្រោយពេលដោះលែង។ ជាក់ស្តែង ជនជាប់ឃុំសរុបចំនួន ១៧ ៧១៤នាក់ ក្នុងនោះស្ត្រីជិត ២ ៥០០នាក់ ទទួលបានការបណ្តុះបណ្តាលលើជំនាញផ្សេងៗ ដូចជាជំនាញកសិកម្ម ដាំដុះបន្លែ ចិញ្ចឹមសត្វ សំណង់ ជួសជុលរថយន្ត កាត់សក់ ធ្វើសាឡន និងផាត់មុខសំអាងការ ហើយថ្មីៗនេះ ក៏មានការបន្ថែមជំនាញទៅតាមការប្រែប្រួលទីផ្សារការងារ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាមានពន្ធនាគារចំនួន២៥ និងមណ្ឌលអប់រំកែប្រែចំនួន៤។ ចំពោះការផ្តល់សេវាព្យាបាលសុខភាពដល់ជនជាប់ឃុំទូទាំងប្រទេសនោះ ស្ទើរតែទាំងអស់ គឺធ្វើឡើងដោយប៉ុស្តិ៍សុខភាពពន្ធនាគារ។ មានតែ ៧ ៥២៦ករណីប៉ុណ្ណោះ ដែលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ។ នេះបើតាមរបាយការណ៍ដែលក្រសួងមហាផ្ទៃបានកត់ត្រាទុកចាប់ពីដើមឆ្នាំ២០២៣មកដល់ពាក់កណ្ដាលឆ្នាំ២០២៦នេះ៕
សេង បារាំង AMS

