វត្ថុបុរាណ និងអរិយធម៌ខ្មែរជាង ១៥០ នឹងដាក់តាំងពិព័រណ៍នៅសារមន្ទីរខេត្តហ៊ូណានប្រទេសចិន
វត្ថុបុរាណ និងអរិយធម៌ខ្មែរ ជាង១៥០ នឹងបើកសម្ពោធដាក់តាំងពិព័រណ៍នៅសារមន្ទីរខេត្តហ៊ូណាន ទីក្រុងឆាងសា ប្រទេសចិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមព័ត៌មានចុះផ្សាយរបស់សារមន្ទីរហ៊ូណាន កាលពីចុងខែសីហា ឆ្នាំ២០២៦។
ពិព័រណ៍នេះនឹងដាក់បង្ហាញវត្ថុបុរាណខ្មែរ និងអរិយធម៌ខ្មែរ ដែលមានអាយុកាលចាប់ពីសតវត្សរ៍ទី៧ រហូតដល់សម័យអង្គរ ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រ អរិយធម៌ និងសិល្បៈខ្មែរ ព្រមទាំងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងអាស៊ីអាគ្នេយ៍។
ពិព័រណ៍នឹងបើកឱ្យចូលទស្សនាចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៧
នៅសាលតាំងពិព័រណ៍ពិសេស នៃសារមន្ទីរខេត្តហ៊ូណាន។ តម្លៃសំបុត្រធម្មតា ៥០យន់ ស្មើនឹង៧,៥ដុល្លារ។ សារមន្ទីរចាប់ផ្តើមទទួលការកក់សំបុត្រចូលទស្សនាសារមន្ទីរនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា សារមន្ទីរខេត្តហ៊ូណាន (Hunan Museum) នៅទីក្រុងឆាងសា ជាទីតាំងទី៣ នៃការតាំងពិព័រណ៍ចល័តវត្ថុបុរាណខ្មែរនៅប្រទេសចិន។
សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនវត្ថុបុរាណខ្មែរសម្រាប់ការតាំងពិព័រណ៍ចល័តនៅប្រទេសចិនរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដោយគ្រោងតាំងបង្ហាញនៅតាមសារមន្ទីរចំនួន៥៕
សៅ សុខអេង




