កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើកាំភ្លើងធំ និងមីស៊ីល
ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃ ចន្ទ នេះ រាយការណ៍ថា កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីសាកល្បង និងពង្រឹងសមត្ថភាពរបស់កងកម្លាំងកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន។
សមយុទ្ធដែលមានឈ្មោះថា «ការវាយប្រហារដោយកម្លាំងបាញ់រួមគ្នា» បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ដោយមានការចូលរួមពីកងកម្លាំងយោធាចំនួន៥ និងប្រើប្រាស់ប្រព័ន្ធអាវុធជាច្រើនប្រភេទ រួមមាន យន្តហោះដ្រូនពិឃាត មីស៊ីលនាំផ្លូវ មីស៊ីលផ្លោងយុទ្ធសាស្ត្រ និងប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ខ្នាតធំ។
ទីភ្នាក់ងារ KCNA បានដកស្រង់សម្តីមន្ត្រីកាំភ្លើងធំម្នាក់ថា ការបញ្ចេញសាច់ដុំយោធានេះ មានគោលបំណងពង្រឹងស្មារតីប្រយុទ្ធ និងសមត្ថភាពរបស់កងទ័ព ដើម្បីអាចវាយប្រហារសត្រូវបានយ៉ាងមានប្រសិទ្ធភាព នៅពេលទទួលបានបញ្ជា។
ជាមួយគ្នានេះ គណៈអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃទី១២ ខែកញ្ញាថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់ដែនសមុទ្រ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
ការបាញ់សាកល្បងមីស៊ីលនេះកើតឡើង បន្ទាប់ពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធារួមគ្នា ដែលជាហេតុធ្វើឱ្យភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េបន្តកើនឡើងកំដៅ។
កន្លងមក កូរ៉េខាងជើងតែងតែអះអាងថា ល្បែងសង្គ្រាមរបស់ខ្លួន គឺជាការហាត់សមការពារខ្លួន និងជាការព្រមានដល់ការគំរាមកំហែងពីសត្រូវ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

