កម្ពុជាប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿនបំផុតរបស់ BYD មុនគេ បន្ទាប់ពីចិន

គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ដើម្បីស្វែងយល់ពីការរីកចម្រើននៃបច្ចេកវិទ្យាចុងក្រោយថ្មីៗ ជាពិសេសពិសេសបច្ចេកវិទ្យាសាកថ្មយានយន្តអគ្គិសនីល្បឿនលឿនបំផុត ដែលកំពុងត្រូវបានរៀបចំដំឡើងនៅតាមតំបន់សំខាន់ៗរបស់កម្ពុជា ហើយគ្រោងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។

កម្ពុជា គឺជាប្រទេសទីមួយ នៅក្រៅប្រទេសចិន ដែលទទួលបានសិទ្ធិនាំយកបច្ចេកវិទ្យាស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ក្រុមហ៊ុន BYD មកអនុវត្ត និងដំឡើងជាផ្លូវការ។ បច្ចុប្បន្ន ការរៀបចំ និងដំឡើងស្ថានីយ Flash Charging នេះកំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗចំនួន៣ របស់កម្ពុជា រួមមាន ៖ រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ តាមគម្រោង ស្ថានីយចំនួន១៨ទីតាំងនឹងបើកឱ្យដំណើរការផ្តល់សេវាកម្មនៅដំណាច់ឆ្នាំ២០២៦នេះ។

ក្នុងបេសកកម្មគោះទ្វារទាក់ទាញវិនិយោគចិន កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD នាក្រុងស៊ិនជិន ប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានសិក្សាអំពីការវិវឌ្ឍចុងក្រោយនៃបច្ចេកវិទ្យាយានយន្តអគ្គិសនី ដោយផ្តោតជាពិសេសលើស្ថានីយ Flash Charging ដែលមានសមត្ថភាពកាត់បន្ថយពេលវេលាសាកថ្មមកត្រឹមប្រមាណ ១០នាទីប៉ុណ្ណោះ។ ដូច្នេះ បច្ចេកវិទ្យានេះជួយកាត់បន្ថយពេលរង់ចាំ និងសម្រួលដល់ការធ្វើដំណើរផ្លូវឆ្ងាយ ដែលជាកត្តាជំរុញឱ្យអ្នកប្រើប្រាស់សម្រេចចិត្តប្តូរមកប្រើប្រាស់យានយន្តអគ្គិសនីកាន់តែច្រើន។

ក្រៅពីបច្ចេកវិទ្យាសាកថ្មលឿន គណៈប្រតិភូក៏បានទស្សនាសមិទ្ធផលបច្ចេកវិទ្យាសំខាន់ៗ ដែលក្រុមហ៊ុន BYD សម្រេចបានតាមរយៈការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្នុងនោះមានការបញ្ចូលថាមពលអគ្គិសនីក្នុងលក្ខខណ្ឌត្រជាក់ខ្លាំង និងការធ្វើតេស្តសុវត្ថិភាពអាគុយដោយការចាក់ទម្លុះដោយដែកគោល។

បន្ទាប់ពីទស្សនាការបង្ហាញរថយន្តម៉ូឌែលថ្មី និងបច្ចេកវិទ្យាទំនើបទាន់សម័យចុងក្រោយ នៅក្នុងមជ្ឈមណ្ឌលតាំងបង្ហាញរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BYD។

ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុនឲ្យបង្កើនសមត្ថភាពផលិតកម្មរបស់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញ, ព្រមទាំងវិនិយោគលើការបង្កើតបណ្តាញស្ថានីយបញ្ចូលថាមពលអគ្គិសនីល្បឿនលឿន និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងស្រុក។

យោងតាមឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមហ៊ុន BYD បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើន និងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបង្ហាញឆន្ទៈក្នុងការពង្រីកការវិនិយោគនៅកម្ពុជានាពេលខាងមុខផងដែរ។

កម្ពុជារំពឹងថា លទ្ធផលផ្លែផ្កានៃជំនួបនេះនឹងក្លាយជាបុរេលក្ខខណ្ឌដ៏រឹងមាំក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា សំដៅរួមចំណែកដល់ការលូតលាស់សេដ្ឋកិច្ចជាតិ និងការការពារបរិស្ថានប្រកបដោយចីរភាព៕

https://www.facebook.com/share/p/1C9VfRvtoo

ads banner