អាមេរិកផ្ដល់ជំនួយ ៣លានដុល្លារសម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន៣របស់កម្ពុជា
សហរដ្ឋអាមេរិកផ្ដល់ជំនួយមូលនិធិចំនួន ៣លានដុល្លារ ដើម្បីបោសសម្អាតមីន និងសំណល់មិនទាន់ផ្ទុះនៅខេត្តចំនួន ៣ របស់កម្ពុជា គឺខេត្តព្រះវិហារ ឧត្តរមានជ័យ និងមណ្ឌលគិរី ក្នុងក្របខ័ណ្ឌនៃគម្រោងថ្មីរបស់មជ្ឈមណ្ឌល APOPO ដែលមានរយៈពេល ៣ឆ្នាំ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះថា លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានបំពេញទស្សនកិច្ចការងារលើសកម្មភាពកម្ចាត់មីនរបស់នៅមជ្ឈមណ្ឌល APOPO ក្នុងទឹកដីខេត្តសៀមរាប ក្រោយពីប្រកាសផ្ដល់មូលនិធិសម្រាប់គម្រោងថ្មីបោសសម្អាតមីនខាងលើនេះ។
ក្នុងដំណើរទស្សនកិច្ចនោះ ភារធារីស្ថានទូតអាមេរិកបានឃើញដោយផ្ទាល់ពីការប្តេជ្ញាចិត្ត និងបច្ចេកវិទ្យាច្នៃប្រឌិតរបស់ក្រុមការងារមជ្ឈមណ្ឌល APOPO ដែលនៅពីក្រោយបេសកកម្មដ៏មានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស។
បើតាមស្ថានទូត គម្រោងនេះនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងផ្តល់ដីដែលមានសុវត្ថិភាព និងបង្កើតឱកាសថ្មីៗដល់គ្រួសារកម្ពុជា ដែលជាផ្នែកមួយជួយកម្ពុជាឱ្យឈានដល់ការគ្មានមីននៅថ្ងៃអនាគត ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងបើកចំហឱកាសថ្មីៗសម្រាប់សហគមន៍នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗ បន្ទាប់ពីជម្លោះតាមព្រំដែនកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានបង្កើនការគាំទ្ររបស់ខ្លួនដល់ ១៣លានដុល្លារក្នុងឆ្នាំ២០២៦ លើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលធ្វើឱ្យទឹកប្រាក់គាំទ្រសរុបរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៣ មកឈានដល់ ២៣៥លានដុល្លារ៕
សេង បារាំង AMS


