លោក Trump បន្ទោស អ៊ុយក្រែន ធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតជួបភាពវឹកវរមិនធ្លាប់មាន តែអ្នកជំនាញថា មកពីសង្គ្រាម អាមេរិក-អ៊ីរ៉ង់ ទៅវិញទេ
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យបានស្តីបន្ទោសធ្ងន់ៗទៅដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថាជាអ្នកធ្វើឲ្យតម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកជួបភាពវឹកវរមិនធ្លាប់មាន ដោយសារតែអ៊ុយក្រែនបង្ហោះយន្តហោះដ្រូនវាយលុកលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ។
បើតាម RT, តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុនបានស្ទុះឡើងដល់ជាង ៦ ដុល្លារក្នុងមួយហ្គាឡុង កើនឡើងប្រហែល ៥ ដុល្លារ និង ៨៥ សេន ។
តម្លៃនេះ បានហក់ឡើងប្រហែល ៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកាលណោះប្រេងម៉ាស៊ូតមានតម្លៃត្រឹមតែ ៣ ដុល្លារ និង ៧១ សេនប៉ុណ្ណោះក្នុងមួយហ្គាឡុង ។
អ្នកជំនាញទីផ្សារភាគច្រើនអះអាងថា ការជំរុញឲ្យតម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកហក់ឡើងខ្លាំងបែបនេះ គឺបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងការប៉ះទង្គិចគ្នាជាថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ទៅវិញទេ ។
យ៉ាងណា លោក Trump បានច្រានចោលការលើកឡើងរបស់អ្នកជំនាញទីផ្សារ ដោយនិយាយថា បញ្ហានេះ គឺមានជាប់ពាក់ព័ន្ធជាចម្បងទៅនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។
ដើម្បីបន្ធូរបន្ថយវិបត្តិនេះ លោក Trump បានប្រាប់លោក Zelensky ឱ្យបញ្ឈប់ការវាយប្រហារដោយយន្តហោះដ្រូនទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតប្រេងម៉ាស៊ូតរបស់រុស្ស៊ី ហើយងាកទៅរកគោលដៅផ្សេងវិញ ។
បើតាម RT, ប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែនបានសម្រុកវាយប្រហារឥតដកដៃប្រឆាំងរោងចក្រចម្រាញ់ប្រេង និងទីតាំងស្តុកផលិតផលប្រេងទាំងតូចទាំងធំរបស់រុស្ស៊ី ។
ការវាយប្រហារទាំងនេះ បង្កឱ្យខ្វះខាតប្រេងឥន្ធនៈ និងឡើងថ្លៃប្រេងនៅតំបន់មួយចំនួនក្នុងប្រទេសរុស្ស៊ី ប៉ុន្តែផលប៉ះពាល់ខ្លាំងជាងគេ គឺទៅលើប្រេងសាំង ខណៈការផ្គត់ផ្គង់ប្រេងម៉ាស៊ូតមិនទាន់រងការរំខានខ្លាំងនៅឡើយទេ។
ឆ្លើយតបវិបត្តិនេះ រុស្ស៊ីបានដាក់ចេញការហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចេញប្រេងសាំង ប្រេងម៉ាស៊ូត និងផលិតផលប្រេងមួយចំនួន ។ ការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតបច្ចុប្បន្ន មានសុពលភាពរហូតដល់ចុងខែកញ្ញាខាងមុខ ហើយក៏អាចត្រូវបានពន្យារពេលបន្ថែមផងដែរ ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
