កម្ពុជា ពង្រីកការនាំចេញអង្ករ ១ម៉ឺនតោនទៅកាន់ទីផ្សារហ្វីលីពីនតាមសាឡង់ជាលើកដំបូង
តាមរយៈការចុះកិច្ចសន្យាទិញ-លក់អង្កររវាងក្រុមហ៊ុន CITY RICE Import Export ជាមួយក្រុមហ៊ុន DILAI TRADING CO. របស់ហ្វីលីពីន ប្រទេសកម្ពុជានឹងពង្រីកការនាំចេញអង្ករចំនួន ១ម៉ឺនតោន ទៅកាន់ទីផ្សារហ្វីលីពីន ដោយដឹកញ្ជូនតាមសាឡង់លើកដំបូង ដែលចំណេញទាំងពេលវេលា និងថវិកា។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនទាំងពីរខាងលើ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ចាត់ទុកកិច្ចសន្យានេះ មិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ផងដែរ។
លោកជំទាវ ចម និម្មល ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរឱ្យអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។
ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export ចាត់ទុកការនាំចេញអង្ករកម្ពុជា ១ម៉ឺនតោន ដោយប្រើសាឡង់ទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ។
លោកយល់ឃើញថា ការនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន មិនត្រឹមតែមានសារៈសំខាន់សម្រាប់វិស័យស្រូវអង្ករកម្ពុជាប៉ុណ្ណោះទេ ក៏បង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកបញ្ជាទិញអន្តរជាតិលើគុណភាព សុវត្ថិភាព ភាពប្រកួតប្រជែង និងសមត្ថភាពផ្គត់ផ្គង់របស់អង្ករកម្ពុជាផងដែរ។
យោងតាមទិន្នន័យផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល ៨ខែ ២០២៦ កម្ពុជាសម្រេចបានការនាំចេញអង្ករជិត ៨០ ម៉ឺនតោន ទៅកាន់គោលដៅចំនួន ៦៦ ដែលគិតជាទឹកប្រាក់ជាង ៤៦៤លានដុល្លារ។ ការនាំចេញទៅហ្វីលីពីនបានកើនដល់ប្រហែល ៧ម៉ឺនតោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ៕
ខន ណារី AMS


