៨ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលឆ្លងកាត់ឡាវទៅចិនបានចំនួន ៦៧៤តោន
រយៈពេល៨ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញកសិផលឆ្លងកាត់ប្រទេសឡាវទៅប្រទេសចិនបានចំនួនជាង ៦៧៤តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់ជូនបណ្ដាញព័ត៌មាន AMS នៅថ្ងៃអង្គារ៍ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
របាយការណ៍ដដែលបញ្ជាក់លម្អិតថា ផលិតផលនាំចេញឆ្លងកាត់ឡាវទៅចិននេះ មានផ្លែទុរេនស្រស់ចំនួនជាង ៥៣១តោន និងផ្លែមៀនស្រស់ចំនួនជាង ១៤៣តោន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជា និងឡាវបានដាក់ឱ្យដំណើរការជាផ្លូវការនូវការដឹកជញ្ជូនកសិផលកម្ពុជាឆ្លងកាត់ប្រទេសឡាវទៅទីផ្សារចិន សម្រាប់កសិផលចំនួន ៦មុខ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន/មៀនស្រស់ និងទុរេនស្រស់។
ក្រសួងកសិកម្មបានគូសបញ្ជាក់ថា ផ្លូវថ្មីនេះផ្ដល់ផលប្រយោជន៍ក្នុងការកាត់បន្ថយពេលវេលាដឹកជញ្ជូនផ្លូវគោក អាចធ្វើឱ្យកសិផលស្រស់របស់កម្ពុជាទៅដល់ទីផ្សារចិនលឿនជាងផ្លូវសមុទ្រ។ ពេលវេលាដឹកជញ្ជូនខ្លីជួយកាត់បន្ថយការខូចខាត ការបាត់បង់ទម្ងន់ និងការធ្លាក់គុណភាព ជាពិសេសសម្រាប់ទុរេន មៀន ស្វាយ និងចេក។
បន្ថែមពីនេះ កម្ពុជាមានជម្រើសបន្ថែមក្រៅពីផ្លូវសមុទ្រ និងផ្លូវអាកាស ដែលជួយកាត់បន្ថយការពឹងផ្អែកលើច្រកដឹកជញ្ជូនតែមួយ។ វាក៏ជួយបង្កើនសក្តានុពលទីផ្សារសម្រាប់តំបន់ភាគខាងជើង និងឦសាន តំបន់ផលិតដែលមានភូមិសាស្ត្រជិតឡាវអាចទទួលអត្ថប្រយោជន៍ពីការតភ្ជាប់ផ្លូវគោក និងផ្លូវដែកចិន–ឡាវ។ កត្តាទាំងនេះជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ពង្រឹងការសម្របសម្រួលពាណិជ្ជកម្ម និងភូតគាមអនាម័យ៕
សេង បារាំង AMS