អាមេរិកជួយបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្សប្រើឧបករណ៍ទំនើប ដើម្បីទប់ស្កាត់បទល្មើសដឹកឈើ
អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា(WCS)សហការជាមួយការិយាល័យសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ (Homeland Security Investigations-HSI) នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីឧទ្យានុរក្ស អំពីការស៊ើបអង្កេតបទល្មើសដឹកឈើ និងការប្រើប្រាស់ឧបករណ៍កោសល្យវិច័យឈើចល័តដែលដឹកចេញពីតំបន់ការពារធម្មជាតិ។ ឧបករណ៍នេះមានឈ្មោះថា ArborTron។
វគ្គបណ្តុះបណ្តាលនេះ មានសិកា្ខកាមចូលរួមសរុបចំនួន ៤៩នាក់ ក្នុងនោះមានមន្ត្រីឧទ្យានុរក្សចំនួន ៣៩នាក់ មកពីតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ នេះជាវគ្គបណ្តុះបណ្តាលដំបូងអំពីការប្រើប្រាស់ឧបករណ៍ ArborTron សម្រាប់មន្ត្រីឧទ្យានុរក្សក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃកន្លងទៅនេះ មន្ត្រីឧទ្យានុរក្សបានស្វែងយល់ពីឧបករណ៍ ArborTron ដែលជាឧបករណ៍សម្រាប់ធ្វើការកំណត់អត្តសញ្ញាណឈើតាមបែបវិទ្យាសាស្ត្រ។ ជាមួយគ្នានេះ វាជួយឱ្យមន្ត្រីជំនាញអាចវាយតម្លៃ និងបែងចែកប្រភេទឈើ ជាពិសេសប្រភេទឈើកម្រ ដើម្បីងាយស្រួលក្នុងការចងក្រងសំណុំរឿង និងចាត់វិធានការច្បាប់។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងបន្តសហការជាមួយដៃគូ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការពង្រឹងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីឧទ្យានុរក្ស ក្នុងការរៀបចំផែនការ ការចុះល្បាត ទប់ស្កាត់ ប្រឆាំងបទល្មើសធនធានធម្មជាតិ ជាមួយបច្ចេកវិទ្យាទំនើបៗ។
លោក នេត វិបុល នាយករងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះបានឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងក្រសួងបរិស្ថាន អង្គការ WCS និងស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការងារប្រឆាំងបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការកាប់ឈើចេញពីតំបន់ការពារធម្មជាតិ។
ក្នុងខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានបង្រ្កាបបទល្មើសធនធានធម្មជាតិសរុបចំនួន១៥៧ករណី ក្នុងនោះ មានបទល្មើសព្រៃឈើចំនួន ៦៧ករណី បទល្មើសសត្វព្រៃ៤០ករណី បទល្មើសដីធ្លី៣៣ករណី បទល្មើសនេសាទ១៦ករណី និងបទល្មើសធនធានរ៉ែ ចំនួន ១ករណី។ ជាមួយគ្នានេះ ជនសង្ស័យចំនួន៨នាក់ ត្រូវបានកសាងសំណុំរឿងទៅកាន់តុលាការ។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន៕
សៅ សុខអេង










