អារ៉ាប៊ីសាអូឌីត ប្រទះឃើញរ៉ែអាចចម្រាញ់ជាអាវុធនុយក្លេអ៊ែរ ១១០ លានតោន ក្រោយចុះកុងត្រាជាមួយ អាមេរិក
រីយ៉ាត ៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានរកឃើញរ៉ែអ៊ុយរ៉ាញ៉ូមដែលអាចចម្រាញ់ជាអាវុធនុយក្លេអ៊ែរក្នុងបរិមាណប្រហែល ១១០ លានតោននៅក្នុងតំបន់ Madinah ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman កាលពីថ្ងៃចន្ទ ។
បើតាម arabnews, ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិល កាលពីថ្ងៃទី២២ ខែកក្កដា ។
ព្រះអង្គម្ចាស់ Abdulaziz bin Salman មានព្រះបន្ទូលនៅក្នុងសន្និសីទពេញអង្គរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិថា «ការរុករក និងការសិក្សាផ្នែកភូគព្ភសាស្ត្រនៅគម្រោង Jabal Sayid ក្នុងតំបន់ Madinah បានបង្ហាញពីធនធានរ៉ែដែលប៉ាន់ស្មានថា មានចំនួនប្រហែល ១១០ លានតោន ។
ព្រះអង្គម្ចាស់ថា ធនធានដែលរកឃើញនេះមានផ្ទុកសារធាតុរ៉ែដីកម្រក្នុងកម្រិតខ្ពស់ ជាពិសេស ធាតុផ្សំធ្ងន់ៗ ព្រមទាំង មានផ្ទុកអ៊ុយរ៉ាញ៉ូមក្នុងកម្រិតដ៏ល្អប្រសើរផងដែរ ។
យោងតាមការវិភាគរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ CSIS, ទីតាំងអារ៉ាប៊ីសាអូឌីតរកឃើញរ៉ែនេះត្រូវបានចាត់ទុកជាតំបន់សម្បូររ៉ែ ជាប់ចំណាត់ថ្នាក់លេខ ៤ នៅទូទាំងពិភពលោក ។
ក្រៅពីតំបន់ Madinah, ការសិក្សារបស់ស្ថាប័ន Saudi Geological Survey ក៏បានកំណត់អត្តសញ្ញាណតំបន់រុករករ៉ែចំនួន ២ ផ្សេងទៀត ដែលអាចមានធនធានរ៉ែប្រមាណ ៦៤៤ លានតោន ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency បានរាយការណ៍ថា តម្លៃនៃការរកឃើញរ៉ែដីកម្ររបស់អារ៉ាប៊ី សាអូឌីត បានកើនឡើងដល់ ១០០ ពាន់លានដុល្លារ នៅខែវិច្ឆិកា ឆ្នាំ២០២៥ ដែលកើនឡើង ៩០% បើធៀបនឹងឆ្នាំ២០១៨ ៕
ប្រភព ៖ arabnews ប្រែសម្រួល ៖ សារ៉ាត