អ៊ុយក្រែន បង្អួតសំណាញ់មេឃថ្មីផលិតផ្ទាល់ដៃ អាចបាញ់មីស៊ីលច្រើនប្រភេទ
កៀវ ៖ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទបានបង្អួតសំណាញ់មេឃថ្មីមួយប្រភេទ ដែលជាផលិតផលផលិតឡើងដោយខ្លួនឯងផ្ទាល់ ដើម្បីត្រៀបទប់ទល់ជាមួយនឹងមីស៊ីលផ្លោងរបស់រុស្ស៊ី ។
បើតាម Ukrainska Pravda, សំណាញ់មេឃថ្មីនេះមានឈ្មោះថា Shershen ផលិតឡើងដោយក្រុមហ៊ុនអ៊ុយក្រែន Luch Design Bureau ។ វាមានសមត្ថភាពបាញ់គ្រាប់មីស៊ីលច្រើនប្រភេទផ្សេងៗគ្នា ពោលទាំងមីស៊ីលផលិតដោយអ៊ុយក្រែនផ្ទាល់ និងប្រទេសលោកខាងលិច ដូចជាមីស៊ីល R-27, R-73, AIM-9 និង AIM-132 ជាដើម ។
សំណាញ់មេឃថ្មី Shershen នេះ រចនាឡើងសម្រាប់បេសកកម្មវាយប្រហារយន្តហោះ, កម្ទេចមីស៊ីលនាំផ្លូវ និងយន្តហោះដ្រូន ក្នុងចម្ងាយរហូតដល់ ២៥ គីឡូម៉ែត្រ និងក្នុងរយៈកម្ពស់រហូតដល់ ១០ គីឡូម៉ែត្រ ។
ជាមួយគ្នានេះ សំណាញ់មេឃថ្មី Shershen បំពាក់ដោយប្រព័ន្ធរ៉ាដាអាចស្វែងរកឃើញ និងតាមដានគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៨៥ គីឡូម៉ែត្រ ហើយអាចបាញ់មីស៊ីលស្ទាក់ចាប់រហូតដល់ ៦ គ្រាប់ក្នុងពេលតែមួយ ។
ដើម្បីអាចដំណើរការសំណាញ់មេឃថ្មីនេះបាន អ៊ុយក្រែនត្រូវការជើងទម្របាញ់មីស៊ីល Borei ចំនួន ៤ គ្រឿង, រថយន្តបញ្ជាការប្រយុទ្ធ Perun ចំនួនមួយគ្រឿង, និងប្រព័ន្ធរ៉ាដាស្វែងរក ឬតាមដានគោលដៅ Athena ចំនួនមួយគ្រឿង ។
បើតាម Ukrainska Pravda, ការបង្កើតសំណាញ់មេឃ Shershen ថ្មីនេះ កំពុងឆ្លុះបញ្ចាំងពីកែកុនយុទ្ធសាស្ត្រប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីទប់ទល់ជាមួយមីស៊ីលផ្លោងរបស់រុស្ស៊ី បន្ទាប់ពីសំណាញ់មេឃថ្មីនេះឆ្លងកាត់ការសាកល្បងដោយជោគជ័យ ។
យុទ្ធសាស្រ្តនេះ គឺការប្រើប្រាស់ស្តុកមីស៊ីលស្ទាក់ចាប់ដែលមានស្រាប់ មកបំពេញចន្លោះប្រហោងតម្រូវការមីស៊ីលរបស់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ៕
ប្រភព ៖ Ukrainska Pravda ប្រែសម្រួល ៖ ឈឹម ទីណា
