រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅជួបចរចាជាមួយសមភាគីចិន ដល់ប៉េកាំង នៅថ្ងៃនេះ
ប៉េកាំង ៖ ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃអង្គារ ទី១៥ ខែកញ្ញាថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ ហើយនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងថ្ងៃនេះ។
ក្រសួងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីររូបនេះ នឹងធ្វើការចរចា នៅថ្ងៃទី១៦ ខែកញ្ញានេះ ខណៈដែលទីក្រុងប៉េកាំងកំពុងព្យាយាមដើរតួជាអ្នកសម្របសម្រួល នៅក្នុងជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលបានអូសបន្លាយពេលជាច្រើនខែមកហើយ។
បើតាម CNA, ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់អ៊ីរ៉ង់ ដោយបានទិញផលិតផលប្រេងភាគច្រើនរបស់អ៊ីរ៉ង់ ហើយក៏ជាអ្នកគាំទ្រផ្នែកការទូតដ៏សំខាន់ផងដែរ។
កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសទាំងពីរនេះ ត្រូវធ្វើឡើង នៅត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងធ្វើដំណើរ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។
ជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់នឹងក្លាយជាប្រធានបទមួយដែលត្រូវបានគេតាមដានយ៉ាងដិតដល់នៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក Abbas Araghchi និង លោក Wang Yi រួមជាមួយនឹងបញ្ហាស្មុគស្មាញផ្សេងទៀត រាប់ចាប់ពីបញ្ហាពាណិជ្ជកម្ម រហូតដល់ការប្រកួតប្រជែង លើវិស័យបញ្ញាសិប្បនិម្មិត ឬ AI។
គួរកត់សម្គាល់ថា រដ្ឋមន្ត្រីការបរទេសចិននិងសមភាគីអ៊ីរ៉ង់ទាំងពីររូបនេះ ទើបតែបានជួបគ្នា នៅក្រៅកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស BRICS នៅក្នុងទីក្រុង ញូវ ដែលី ប្រទេសឥណ្ឌា កាលពីសប្តាហ៍មុន៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត
