សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នារក្សាអភិវឌ្ឍកោះកេរ ប្រកបដោយចីរភាព
ក្នុងឱកាសអបអរសាទរខួប ៣ឆ្នាំ នៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យរួមដៃគ្នាក្នុងស្មារតីតែមួយ ដើម្បីថែរក្សា ផ្សព្វផ្សាយ និងការពារសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រមួយនេះឱ្យគង់វង្ស។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះបញ្ជីកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ និងជាមោទនភាពរួមរបស់ប្រជាជាតិកម្ពុជា ដែលបង្ហាញឱ្យពិភពលោកឃើញពីតម្លៃដ៏វិសេសវិសាលនៃវប្បធម៌ អរិយធម៌ និងស្នាដៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរ។
ក្នុងសារអបអរខួប ៣ឆ្នាំនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ»ក្នុងបញ្ជីយូណេស្កូ ដែលត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៧ ខែកញ្ញា សម្តេចនាយករដ្ឋមន្ត្រីបានជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ និងលើកកម្ពស់តម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ព្រមទាំងចូលរួមទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលអាចបង្កផលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្តេចធិបតីបញ្ជាក់ថា ជោគជ័យនៃការចុះបញ្ជីប្រាសាទកោះកេរ មិនត្រឹមតែជាការទទួលស្គាល់ពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតកាតព្វកិច្ចរួមក្នុងការអភិរក្ស និងគ្រប់គ្រងតំបន់នេះឱ្យមានប្រសិទ្ធភាពផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីរំលឹកថា ការការពារបេតិកភណ្ឌត្រូវការកិច្ចសហការរវាងរាជរដ្ឋាភិបាល អាជ្ញាធរជាតិព្រះវិហារ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍ ប្រជាពលរដ្ឋ និងដៃគូអន្តរជាតិ។
លើសពីនេះទៀត សម្តេចបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលដៅធានាថា ការអភិរក្សបេតិកភណ្ឌដើរទន្ទឹមនឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងទេសចរណ៍ ដែលអាចផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់រមណីយដ្ឋាន។
ការទទួលបានឋានៈជាសម្បត្តិបេតិកភណ្ឌពិភពលោកបានបង្កើនការចាប់អារម្មណ៍លើកោះកេរ ទាំងក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កំណើនទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រូវបានគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃប្រវត្តិសាស្ត្រ បុរាណវិទ្យា និងបរិស្ថានរបស់រមណីយដ្ឋាន។
រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកអនុម័តដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
កោះកេរគឺជាបេតិកភណ្ឌវប្បធម៌រូបីទី៥របស់កម្ពុជា ដែលទទួលបានឋានៈជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់អង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុក និងបូជនីយដ្ឋាននៃការចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងនោះមាន អតីតមន្ទីរឃុំឃាំង ម-១៣ នៅតំបន់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។
សូមបញ្ជាក់ថា ប្រាសាទកោះកេរ ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ គឺអតីតរាជធានីខ្មែរ កសាងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសម័យអង្គរដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ៕
ទួន សុផល



