កូរ៉េខាងជើង ចោទ អាមេរិក ជាមេខ្លោងជំរុញខ្លួនឱ្យបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង បានអះអាងនៅថ្ងៃ ពុធ នេះថា ការជំរុញរបស់សហរដ្ឋអាមេរិកឱ្យសម្ព័ន្ធមិត្ត ដូចជា ជប៉ុន និងកូរ៉េខាងត្បូង ពិចារណាអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាហេតុផលសម្រាប់ទីក្រុងព្យុងយ៉ាងបន្តពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ការអះអាងនេះ កើតឡើងក្នុងឱកាសខួប ៥ ឆ្នាំនៃកិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី។

បើតាមកាសែត KCNA, កូរ៉េខាងជើងបានរិះគន់កិច្ចព្រមព្រៀង AUKUS រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ដោយអះអាងថា វាអាចរួមចំណែកដល់ការរីករាលដាលបច្ចេកវិទ្យានុយក្លេអ៊ែរ និងបង្កហានិភ័យដល់សន្តិសុខនុយក្លេអ៊ែរសកល។

កូរ៉េខាងជើងយល់ថា កិច្ចព្រមព្រៀង AUKUS ដែលសហរដ្ឋអាមេរិក និងអង់គ្លេសជួយអូស្ត្រាលីឱ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាគំរូមួយដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមពង្រីកទៅកាន់សម្ព័ន្ធមិត្តផ្សេងទៀត ដូចជា កូរ៉េខាងត្បូង និងជប៉ុន។

ជាការឆ្លើយតប កូរ៉េខាងជើងត្រូវបានរាយការណ៍ថា ក៏កំពុងជំរុញគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងបំពាក់អាវុធនុយក្លេអ៊ែរផងដែរ។

ជាក់ស្តែង កាលពីខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបង្ហាញរូបភាពលោក គីម ជុងអ៊ុន ចុះពិនិត្យមើលផ្ទាល់នាវាមុជទឹកមួយគ្រឿង ដែលស្ទើរតែសាងសង់រួចរាល់ ហើយត្រូវបានគេជឿថា វាទំនងជាមានទម្ងន់ប្រហែល ៨,៧០០ តោន។

ទន្ទឹមគ្នា អ្នកជំនាញចាត់ទុកគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងជើងថា ជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើទំនើបកម្ម និងការបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹក៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner