អាមេរិកចាយ ៣៨ពាន់លានដុល្លារលើសង្គ្រាមអ៊ីរ៉ង់ ហើយអាចបន្តកើនឡើង ៣ពាន់ដុល្លារ ជាប្រចាំខែ

វ៉ាស៊ីនតោន ៖ ការចំណាយរបស់អាមេរិកលើសង្គ្រាមជាមួយអ៊ីរ៉ង់បានឡើងដល់ ៣៨ ពាន់លានដុល្លារ ហើយត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើង ៣ ពាន់លានដុល្លារ ក្នុងមួយខែ។ នេះបើតាមការិយាល័យថវិការបស់សភា ហៅកាត់ CBO រាយការណ៍ កាលពីថ្ងៃអង្គារ។

ស្ថាប័នឯករាជ្យផ្នែកគណនេយ្យរបស់អាមេរិកមួយនេះ បានរៀបរាប់ថា សង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ដែលបានអូសបន្លាយរយៈពេល ៦ ខែមកនេះ បានចំណាយថវិកាអស់ ៣៨ ពាន់លានដុល្លាររួចហើយ ហើយចំនួននេះត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៣ ពាន់លានដុល្លារក្នុងមួយខែ។

បើតាម straitstimes, តួលេខចំណាយនេះគឺប្រហាក់ប្រហែលនឹងទឹកប្រាក់ ៣៧,៥ ពាន់លានដុល្លារ ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់បានរាយការណ៍ នៅក្នុងកិច្ចប្រជុំសវនាការរបស់ព្រឹទ្ធសភា កាលពីថ្ងៃទី២១ ខែកក្កដា។

របាយការណ៍នេះចេញផ្សាយ នៅពេលដែលរដ្ឋបាលរបស់លោក Trump កំពុងស្វែងរកវិធីបញ្ចប់ជម្លោះ និងបើកផ្លូវទឹកដ៏សំខាន់ឡើងវិញ នោះគឺ ច្រកសមុទ្រ Hormuz។

យោងតាមការគណនារបស់ CBO ដែលបានបូកសរុបរាល់ការចំណាយរហូតដល់ថ្ងៃទី១ ខែសីហា, សង្គ្រាមនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យអត្រាអតិផរណាកើនឡើង ០,៥% នៅក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៧។

យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមាន អ្នកស្រី Anna Kelly បានថ្លែងការពារសង្គ្រាមនេះ ដោយពណ៌នាការវាយប្រហារ ដែលដឹកនាំដោយប្រធានាធិបតី Donald Trump ទៅលើអ៊ីរ៉ង់ថា ជាសកម្មភាពដ៏ម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ទីក្រុងតេហេរ៉ង់ មិនឱ្យបង្កគ្រោះថ្នាក់ដល់បុគ្គល ឬ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក៕

ប្រភព៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner