វៀតណាមងាកទៅផលិតបំពង់បឺតធ្វើពីស្មៅតាមដងទន្លេមេគង្គ ជំនួសសម្ភារប្លាស្ទិក ដើម្បីការពារដល់បរិស្ថាន
វៀតណាម៖ ម្ចាស់ក្រុមហ៊ុន អ៊ុង ហួត ខូ (Ống Hút Cỏ) ដែលផលិតបំពង់បឺតចំនួនពីរប្រភេទ ដោយប្រើស្មៅម្យ៉ាងដែលមានដុះក្នុងព្រៃតាមបណ្តោយដងទន្លេមេគង្គ លោក ត្រាន មីង ធាន បានពន្យល់ពីដំណើរការផលិតបំពង់បឺត ដោយប្រើប្រាស់ស្មៅប្រភេទនេះ ដោយជំហានដំបូង ពួកគេប្រមែប្រមូលទងស្មៅនេះ និងសម្អាត ហើយកាត់ឲ្យស្មើនឹងប្រវែង២០សង់ទីម៉ែត្រសម្រាប់បំពង់នីមួយៗ។
លោកបន្តថា បន្ទាប់មកទៀត បំពង់បឺតទាំងនេះ ត្រូវយកទៅសម្អាតជាថ្មីម្តងទៀត ហើយម្តងនេះ គឺសម្អាតនៅផ្នែកប្រហោងខាងក្នុងនៃបំពង់បឺត ដើម្បីធានាពីសុវត្ថិភាពអនាម័យ ហើយក្រោយពីសម្អាតរួចរាល់ បំពង់បឺតទាំងនោះ ត្រូវចងជាបាច់ដោយប្រើប្រាស់ស្លឹកចេក។ លោកបន្ថែមថា បំពង់បឺតនេះមានពីរប្រភេទ គឺស្រស់ និងស្ងួត ចំពោះតម្លៃវិញ បំពង់បឺតប្រភេទស្ងួតមួយដើម មានតម្លៃ៤,៣សេន គិតជាដុល្លារ ឬស្មើនឹង១៧០ រៀលលុយខ្មែរ រីឯបំពង់បឺតប្រភេទស្រស់មួយដើម មានតម្លៃ២,៦សេនគិតជាដុល្លារ ឬស្មើនឹង១០៤រៀលលុយខ្មែរ។
បើតាមសហគ្រិនជនជាតិវៀតណាមរូបនេះ បំពង់បឺតស្រស់អាចរក្សាទុកក្នុងទូទឹកកក និងមានសុពលភាព២សប្តាហ៍ រីឯបំពង់បឺតស្ងួតវិញ ត្រូវដាក់ហាលក្រោមកម្តៅព្រះអាទិត្យរយៈពេល២ ទៅ៣ថ្ងៃ ហើយដាក់ដុតក្នុងឡ។ សម្រាប់បំពង់បឺតប្រភេទនេះ វាអាចមានសុពលភាពយូរ ដែលអាចឈានដល់៦ខែឯណោះ ប្រសិនបើស្តុកក្នុងបន្ទប់មានសីតុណ្ហភាពត្រឹមត្រូវ៕ធ.ដ