ទឹកជ្រលក់នាំចូលពីវៀតណាមជិត២ម៉ឺនដប ត្រូវបានអាជ្ញាធរជប៉ុនដកហូត បន្ទាប់ពីរកឃើញសារធាតុគីមីហាមឃាត់

ជប៉ុន៖ អាជ្ញាធរជប៉ុនបានបញ្ជាឲ្យប្រមូលទៅវិញនូវទឹកជ្រលក់ម្ទេសស្លាកយីហោ ឈីនស៊ូ (Chinsu) ចំនួន១៨,១៦៨ដប ដែលនាំចូលពីប្រទេសវៀតណាម។ ការបញ្ជាបែបនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ទឹកជ្រលក់ប្រភេទនេះ មានផ្ទុកសារធាតុគីមីម្យ៉ាងឈ្មោះថា អាស៊ីត បេនហ្សូអ៊ីគ (Benzoic) ដែលត្រូវហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងប្រទេសជប៉ុន។

ទឹកជ្រលក់ជិត២ម៉ឺនដបនេះ ត្រូវបាននាំចូលពីវៀតណាមទៅកាន់ជប៉ុន តាមរយៈក្រុមហ៊ុនជ្វា ខូ អិលធីឌី (Javis Co., Ltd) ដែលមានមូលដ្ឋាននៅទីក្រុង អូសាកា (Osaka) កាលពីខែធ្នូ ឆ្នាំ២០១៨ ដោយទឹកជ្រលក់ទាំងនេះ ត្រូវយកទៅលក់បន្តឲ្យក្រុមហ៊ុនមួយទៀតឈ្មោះថា អាយអេសស៊ី អ៊ីនដាស់ឌ្រា ខូ អិលធីឌី (ISC Industrial Co., Ltd) ដែលមានមូលដ្ឋាននៅទីក្រុង កូបេ ប្រទេសជប៉ុន។

គួរបញ្ជាក់ថា ការពិនិត្យឃើញនេះ ធ្វើឡើងក្រោយពីមានការសង្ស័យថា ក្រុមហ៊ុនអាយអេសស៊ី អ៊ីនដាស់ឌ្រា ខូ អិលធីឌី ដែលទទួលទិញបន្តពីក្រុមហ៊ុន ជ្វា ខូ អិលធីឌី បានល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ និងស្លាកយីហោផលិតផល។ យ៉ាងណាមិញ ក្រុមហ៊ុនវៀតណាម ម៉ាសាន គ្រុប (Masan Group) ដែលជាអ្នកផលិតទឹកជ្រលក់ម្ទេសក្រោមស្លាកយីហោ ឈីនស៊ូ នេះ បានបកស្រាយថា ខ្លួនពុំធ្លាប់នាំចេញទឹកជ្រលក់ទៅឲ្យក្រុមហ៊ុនទាំងពីរខាងលើនេះនោះឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner