សហព័ន្ធប្រដាល់គុនខ្មែរ ប្រជុំពង្រឹងគុណភាពការងារ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសអាជ្ញាកណ្តាលកាត់ក្តីមិនយុត្តិធម៌

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវឲ្យថ្នាក់ដឹកនាំសហព័ន្ធ កែតម្រូវ ជាបន្ទាន់ចំពោះបញ្ហាមន្ដ្រីអាជ្ញាកណ្ដាលមួយចំនួន ក្នុងវិស័យប្រដាល់គុនខ្មែរកាត់សេចក្ដីមិនយុត្តិធម៌ ដើម្បីចៀសវាងការធ្វើឲ្យកីឡាករបាក់ទឹកចិត្ត និងខូចកិត្តិយសជាតិទៀតផង។ សម្ដេចតេជោ បានទម្លាយនូវភាពអសកម្មមួយចំនួន ដែលកើតឡើងក្នុងវិស័យកីឡា ពិសេសកីឡាប្រដាល់ ដោយអាជ្ញាកណ្ដាលបានផ្ដល់ពិន្ទុមិនយុត្តិធម៌ តាមសង្វៀនស្ថានីយ៍ទូរទស្សន៍មួយចំនួន ក្នុងឱកាសជួបជុំកីឡាករកីឡាការិនី ជាង៤០០០នាក់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិ។ នៅក្នុងកិច្ចប្រជុំ ដោយមានមន្ដ្រីគណៈកម្មការ អាជ្ញាកណ្ដាលជាង១០០នាក់ចូលរួម ឯកឧត្តម តែម ម៉ឺន ក៏បានព្រមានធ្ងន់ៗ ចំពោះមន្ដ្រីអសកម្មមួយចំនួន ត្រូវពង្រឹងការងាររបស់ខ្លួនឡើងវិញ ហើយប្រធានសហព័ន្ធរូបនេះក៏ទទួលស្គាល់ថា មានភាពអសកម្ម និងការផ្ដល់ពិន្ទុ មិនអាចទទួលយកបានពីមន្ដ្រីក្រោមឱវាទរបស់ខ្លួនផងដែរ ដែលឯកឧត្តមទាមទារ ឲ្យពួកគេត្រូវកែតម្រូវជាដាច់ខាត បើមិនចង់បាត់បង់ការងារ។

ឯកឧត្តម តែម ម៉ឺន បានបញ្ជាក់ថា គាំទ្រពេញទំហឹងចំពោះអនុសាសន៍របស់សម្ដេច ដើម្បីយកមកអនុវត្តក្នុងសហព័ន្ធ ដោយត្រូវប្ដេជ្ញាអនុវត្តតាមប្រសាសន៍របស់សម្ដេចឲ្យមានប្រសិទ្ធភាពបំផុត។ ឯកឧត្តមទទួលយកមិនបាន សម្រាប់ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល អ្នកឈ្នះទៅជាចាញ់ និងអ្នកចាញ់ ទៅជាឈ្នះ។ ដូចសម្ដេចបានបញ្ជាក់ភាពមិនត្រឹមត្រូវមិនមែន ខូចតែម្ដុំទេ គឺខូចទាំងកិត្តិយសជាតិ ។ ដូច្នេះ ក្នុងនាមសហព័ន្ធពិសេសមន្ដ្រី បច្ចេកទេសត្រូវ ពង្រឹងការងារនេះឡើងវិញ។

គួររំឭកថា ក្រៅពីកីឡាប្រដាល់ ក៏មានកីឡាមួយចំនួនទៀតត្រូវបានសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យ សហព័ន្ធធ្វើការយកចិត្តទុកដាក់ ចំពោះការកាត់សេចក្ដីផងដែរ ដូចជាកីឡាបាល់ទាត់ជាដើម ដើម្បីធានាការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងសម្រិតសម្រាំងបាននូវធនធានកីឡាករ-កីឡាការិនីប្រកបដោយសមត្ថ ភាពពិតប្រាកដ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយលើឆាកអន្ដរជាតិ ពិសេសត្រៀមធ្វើម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner