មន្ត្រីនគរបាលត្រូវតែចេះក្បាច់គុនលើប្រភេទកីឡាប្រយុទ្ធណាមួយ ដើម្បីការពារខ្លួន ឬក៏ទប់ទល់ទៅនឹងសភាពការណ៍ផ្សេងៗ
មន្ត្រីនគរបាលត្រូវតែចេះក្បាច់គុនលើប្រភេទកីឡាប្រយុទ្ធណាមួយ ដូចជាតេក្វាន់ដូ ហាប់គីដូ ឬយូដូ ដើម្បីការពារខ្លួន ឬទប់ទល់ទៅនឹងព្រឹត្តិការណ៍អ្វីមួយ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ នៅក្នុងការប្រកួតកីឡាយុទ្ធសិល្បិ៍ លើកទី២ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០១៩ លើ៦ប្រភេទកីឡា នៅព្រឹកថ្ងៃចន្ទទី៨ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពី បានដំណើរប្រកួតពេញមួយព្រឹក នៅសាលសហព័ន្ធកីឡាសូហ្វតេន្នីស នៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម ជា ប៊ុនហេង មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំប្រកួតលើ៦ប្រភេទកីឡា ដែលជាប្រភេទកីឡាប្រយុទ្ធ រួមមាន៖ កីឡាការ៉ាតេដូ តេក្វាន់ដូ យូដូ វ៉ូវីណាម ហាប់គីដូ និងកីឡាវូស៊ូ ដើម្បីលើកកម្ពស់ក្នុងការបង្កើនគុណភាពសមត្ថភាពកីឡាករ កីឡាការិនីឲ្យកាន់តែល្អប្រសើរ ហើយប្រសិនបើមិនមានការប្រកួតនោះទេ នោះការហ្វឹកហាត់របស់ពួកគាត់មិនទទួលបានលទ្ធផលល្អនោះទេ ព្រោះការប្រកួត គឺជាម៉ែត្រវាស់កម្រិតបច្ចេកទេស ដែលបានខិតខំហ្វឹកហាត់ នាពេលកន្លងមក។ ឯកឧត្តមបន្ថែមទៀតថា ការប្រកួតនេះក៏ការរំលឹកដល់ការហ្វឹកហាត់ ក៏ដូចជាផ្តល់ឱកាសដល់កីឡាករ កីឡាការិនីបានចូលរួម និងទទួលបាននូវថវិកាឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។
ប្រធានអង្គភាពកីឡានគរបាលជាតិរូបនេះអះអាងថា គឺមន្ត្រីនគរបាលត្រូវតែចេះក្បាច់គុនលើប្រភេទកីឡា ប្រយុទ្ធណាមួយ ដូចជាតេក្វាន់ដូ ហាប់គីដូ ឬយូដូ ដើម្បីការពារខ្លួន ឬទប់ទល់ទៅនឹង ព្រឹត្តិការណ៍អ្វីមួយ ដូចឯកឧត្តមផ្ទាល់គឺជាអតីតកីឡាករការ៉ាតេកម្រិតខ្សែក្រវាត់ខ្មៅ ក្នុងជំនាន់លោកគ្រូ ឡាច ចាន់សុវណ្ណ កាលពីឆ្នាំ១៩៧៤មកម្ល៉េះ ក្រៅពីនេះ ឯកឧត្តមក៏ចេះក្បាច់គុនប្រយុទ្ធមួយចំនួនទៀត ដូចជាហាប់គីដូ យូដូជាដើម ដែលប្រភេទកីឡាប្រយុទ្ធនេះសម្បូរទៅដោយក្បាច់ប្រយុទ្ធ និងស្នៀតការពារខ្លួនជាច្រើន ដូច្នេះហើយទើបឯកឧត្តម លើកទឹកចិត្តឲ្យមន្ត្រីនគរបាលគប្បីត្រូវចេះ ប្រភេទកីឡា ប្រយុទ្ធបែបនេះ។
តាមរយៈព្រឹត្តិការណ៍ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២នេះ ឯកឧត្តម ជា ប៊ុនហេង បានជួយជំរុញការអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ក្នុងពេលដំណាលគ្នា កុំឲ្យមានបច្ចេកទេស ឬសកម្មភាពអភិវឌ្ឍខុសគ្នាឆ្ងាយពេក ពោលគឺការប្រកួតនេះ គឺដើម្បីបំផុស និងលើកកម្ពស់ឲ្យប្រភេទកីឡានានារីកធំធាត់ជាមួយ ដើម្បីត្រៀមការប្រកួតលើឆាកអន្តរជាតិ នាពេលខាងមុខ ជាពិសេសក្នុង ស៊ីហ្គេម ជាបន្តបន្ទាប់ និងស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕ធ.ដ