ទេសចរអន្តរជាតិទៅកូរ៉េខាងជើងកើនឡើងទ្វេដង ខណៈបញ្ហានុយក្លេអ៊ែរស្ងប់ស្ងាត់
ការរត់ម៉ារ៉ាតុងគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនៅកូរ៉េខាងជើង រៀបចំឡើងដើម្បីគោរពដល់ខួបកំណើតអតីតមេដឹកនាំ និងជាបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន)នោះ ដោយមានភ្ញៀវទេសចររាប់រយនាក់ចូលរួមរត់ប្រណាំងនៅក្នុងទីក្រុងព្យុងយ៉ាង ជាមួយការឈរអបអរពីប្រជាជនកូរ៉េខាងជើង។
ចំនួនភ្ញៀវទេសចរបរទេសទៅកម្សាន្តទៅកាន់រដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានកើនឡើងរហូតដល់ទ្វេដង ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បើធៀបទៅនឹងអំឡុងពេល ដូចគ្នាកាលពីឆ្នាំ២០១៨ នេះបើតាមក្រុមហ៊ុនទេសចរណ៍ Koryo Tours នៅថ្ងៃទី៨ មេសានេះ។
យោងតាម Koryo Tours ដែលមានមូលដ្ឋានក្នុងទីក្រុងប៉េកាំង ភ្ញៀវទេសចរបរទេសមកពីលោកខាងលិចប្រមាណ៩៥០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើង នៅទីក្រុងព្យុងយ៉ាង ហើយចំនួននេះមានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានភ្ញៀវទេសចរតែ៤៥០នាក់ប៉ុណ្ណោះ។ ការកើនឡើងនេះទៀតសោតត្រូវបាន គេមើលឃើញថា ដោយសារតែស្ថានភាពស្ងប់ស្ងាត់នៅលើតំបន់ឧទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើងផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ៕ម.ន