កីឡាការិនី ខៀវ ចិន្តា រ័ត្ន កីឡាល្បុក្កតោ ងាកមកចាប់យកកីឡាវាយកូនឃ្លីលើតុ ព្រោះចង់ព្យាបាលជំងឺកៀបសសៃឆ្អឹងខ្នង
កីឡាការិនីល្បុក្កតោកម្ពុជា ខៀវ ចិន្តា រ័ត្ន ធ្លាប់ឈ្នះមេដាយជាច្រើនគ្រឿងពីការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ លើប្រភេទកីឡាល្បុក្កតោ បានផ្អាកពីអាជីពផ្នែកកីឡាប្រយុទ្ធ នៅដើមឆ្នាំ២០១៧ រួចងាកមកចាប់យកការហ្វឹកហាត់កីឡាវាយកូនឃ្លីលើតុវិញ ក្រោយពីទទួលបានការណែនាំពីគ្រូពេទ្យជំនាញ ។
ដោយប្រឈមនឹងគ្រោះថ្នាក់ និងមានការណែនាំពីគ្រូពេទ្យ កីឡាការិនី ចិន្តារ័ត្ន សម្រេចផ្អាកពីអាជីពកីឡាល្បុក្កតោ ដោយសារមានរបួសឆ្អឹងខ្នងធ្ងន់ប្រឈមនឹងការវះកាត់ មកចាប់យកការហ្វឹកហាត់កីឡាវាយកូនឃ្លីលើតុវិញ ដែលប្រើចលនាស្រាលៗ ដើម្បីព្យាបាលបញ្ជៀសនូវការវះកាត់។
អតីតកីឡាការិនី វ័យ២៣ឆ្នាំរូបនេះ បានអះអាងថា ទោះបីខ្លួនផ្អាកអាជីពកីឡាល្បុក្កតោក្តី ក៏នាងនូវតែបន្តសកម្មភាពជួយគាំទ្រកីឡាអត្តសញ្ញាណជាតិមួយនេះ តាមរូបភាពជាគ្រូបង្វឹក ដើម្បីបណ្តុះគំនិត ក្មេងជំនាន់ក្រោយ ឲ្យបន្តលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍន៍កីឡាបូរាណខ្មែរមួយនេះ ឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើពិភពលោក។ ខៀវ ចិន្តារ័ត្ន បញ្ជាក់ទៀតថា បើទោះបីជាជ្រើសរើសកីឡាវាយកូនឃ្លីលើតុហ្វឹកហាត់ជំនួសកីឡាល្បុក្កតោក៏ដោយ ក៏នាងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាកីឡាការិនីឆ្នើមវាយកូនឃ្លីលើតុ ចេញទៅប្រកួតនៅក្រៅប្រទេសតំណាងឲ្យកម្ពុជា។
សូមបញ្ជាក់ថា ខៀវ ចិន្តា រ័ត្ន បានចូលហ្វឹកហាត់កីឡាល្បុក្កតោ នៅឆ្នាំ២០១៣ ហើយធ្លាប់ដណ្តើមបានមេដាយមាស ពីការប្រកួតកីឡាល្បុក្កតោថ្នាក់ជាតិ និងធ្លាប់ដណ្តើមបានមេដាយប្រាក់ កម្រិតអន្តរជាតិផងដែរ៕ម.ន