លោក ឆាំង យុ៖ ការប្រឌិតព័ត៌មានរបស់ថៃនៅចំពោះមុខ UN មិនអាចបិទបាំងសច្ចភាពប្រវត្តិសាស្ត្របានឡើយ
នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋាភិបាលថៃ បានព្យាយាមសម្តែងធ្វើជា «ជនរងគ្រោះ» តាមរយៈការប្រឌិត ព័ត៌មាន និងបំភ្លៃការពិតជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា។ទោះជាយ៉ាងណា លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានគូសបញ្ជាក់ថា សច្ចភាពប្រវត្តិសាស្ត្រ និងអង្គហេតុជាក់ស្តែងនៅតែជាភស្តុតាងមិនអាចបដិសេធបាន ក្នុងការបំបែករាល់ឧបាយ កលប្រឌិតព័ត៌មានទាំងនេះ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ថៃឥតខ្មាស ដែលបានបន្តបំភាន់ និងប្រឌិតព័ត៌មានភូតភរ ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។ លោកបន្តថា សហគមន៍អន្តរជាតិគ្រាន់តែពិនិត្យមើលការពិតជាក់ស្តែងនៅទីតាំងមូលដ្ឋាន និងកំណត់ត្រាប្រវត្តិសាស្ត្រ គឺអាចធ្វើការសន្និដ្ឋានបានប្រកបដោយអំណះអំណាងសមហេតុផល អំពីតម្រូវការចាំបាច់ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី។
នៅក្នុងការលើកឡើងរបស់រដ្ឋាភិបាលថៃនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ មានចំណុចមួយចំនួនដែលអាចចាត់ទុកថា ជាការពិត ហើយការពិភាក្សាអាចចាប់ផ្តើមពីចំណុចទាំងនោះបាន។ ចំណុចទាំងនោះរួមមាន ការសម្តែងការខឹងសម្បាររបស់ថៃចំពោះការបញ្ចេញខ្សែអាត់សំឡេងសន្ទនារវាងថ្នាក់ដឹកនាំថៃ និងកម្ពុជាជាសាធារណៈ, យោធាថៃមួយចំនួនពិតជាបានរងរបួសដោយសារគ្រាប់មីននៅតាមបណ្តោយព្រំដែន និងការដែលប្រទេសទាំងពីរមានប្រជាជនរាប់សែននាក់កំពុងទទួលរងផលប៉ះពាល់ពីជម្លោះ។
ទោះបីជាយ៉ាងណា លោក ឆាំង យុ បានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្មានអង្គហេតុពិតណាមួយខាងលើ អាចយកមកប្រើប្រាស់ជាសេចក្តីសំអាងសមរម្យ ដើម្បីបង្ហាញភាពត្រឹមត្រូវចំពោះសកម្មភាពយោធារបស់ថៃប្រឆាំងនឹងប្រទេសកម្ពុជាបានឡើយ។ ការខ្វះខាតអង្គហេតុពិតប្រាកដ មិនបានរារាំងរដ្ឋាភិបាលថៃក្នុងការបង្កើតកាលៈទេសៈបំភ្លៃ និងប្រឌិតព័ត៌មានភូតភរ ដើម្បីបង្ហាញថាខ្លួនជាជនរងគ្រោះស្លូតត្រង់ពីការបង្កហេតុរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជានោះទេ។
ភាគីថៃបានអះអាងដោយគ្មានភស្តុតាងច្បាស់លាស់ថា គ្រាប់មីនដែលធ្វើឱ្យយោធារបស់ខ្លួនរងរបួស គឺជាគ្រាប់មីនដែលកម្ពុជាកប់ដោយសម្ងាត់លើទឹកដីថៃ ដោយចេតនាមើលរំលងការពិតថា តំបន់ទាំងនោះជាទីតាំងសម្បូរដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាមរាប់ទសវត្សរ៍កន្លងមក។
លោកបានបន្ថែមថា រាល់ព័ត៌មានប្រឌិតទាំងនេះ ត្រូវបានបង្កើតឡើងសំដៅទៅលើសហគមន៍អន្តរជាតិដែលនៅឆ្ងាយពីទីតាំងមូលដ្ឋានជាក់ស្តែង និងមានឆន្ទៈទទួលយកការអះអាងរបស់ថៃ ដោយផ្អែកលើការសន្មត់ថា ប្រទេសថៃគ្មានចេតនាក្នុងការបំភាន់ ឬភូតភរ។ ប៉ុន្តែ ប្រទេសថៃកំពុងប្រឈមមុខនឹងភាពទាល់ច្រកជាមួយកំណត់ត្រាប្រវត្តិសាស្ត្រ នៃសកម្មភាពរបស់ខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា ដែលជាច្រើនលើកច្រើនសារ ថៃបានព្យាយាមរំលោភបំពាននិងត្រួតត្រាលើទឹកដីកម្ពុជា។
លោក ឆាំង យុ បានសង្កត់ធ្ងន់ថា ការប៉ុនប៉ងរបស់ប្រទេសថៃ ក្នុងការកាន់កាប់តំបន់ទាំងឡាយក្រោមការប្រឌិតព័ត៌មានជាផ្នែកមួយរបស់ថៃ មិនមែនជារឿងថ្មី ឬជាយុទ្ធសាស្ត្រប្លែកនោះឡើយ។ ការលើកឡើង និងការបង្ហាញជំហររបស់ថៃនៅមហាសន្និបាតអង្គការសហប្រជាជាតិ គឺជាការយកគំនិតចាស់មកប្រើប្រាស់ឡើងវិញ ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន ក្នុងការទទួលបានសិទ្ធិគ្រប់គ្រងលើទឹកដីកម្ពុជា៕

ដោយ៖ ទួន សុផល