ក្រុមអ្នកជំនាញអះអាងថា បាតុភូតរន្ទះបាញ់ គឺជាមូលហេតុបង្កភ្លើងឆេះព្រៃនៅចិន ដែលផ្តាច់ជីវិតមនុស្ស៣១នាក់ ភាគច្រើនជាអ្នកពន្លត់អគ្គិភ័យ
ចិន៖ នៅទីបំផុតក្រុមអ្នកជំនាញបានរកឃើញមូលហេតុ ដែលបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃដ៏អាក្រក់នៅប្រទេសចិន កាលពីពេលថ្មីៗកន្លងទៅនេះហើយ ក្រោយវាបានឆក់យកអាយុជីវិតមនុស្សអស់៣១នាក់ ភាគច្រើនជាក្រុមពន្លត់អគ្គិភ័យ។
ក្រុមអ្នកស៊ើបអង្កេតចិនបានអះអាងថា ពួកគេបានរកឃើញមូលហេតុភ្លើងឆេះព្រៃនៅភាគខាងលិចប្រទេសនោះហើយ គឺបង្កឡើងដោយសារបាតុភូតរន្ទះបាញ់ដើមឈើរមួយដើមបាក់ ហើយបណ្តាលឲ្យឆេះដើមឈើនោះ បន្ទាប់មកភ្លើងឆេះចេញពីដើមឈើនេះ ចាប់ផ្តើមរាលឆេះជាបន្តបន្ទាប់ រហូតដល់ទ្រង់ទ្រាយធំតែម្តងនៅតំបន់ភ្នំ កាលពីខែមីនាកន្លងមក។
ទន្ទឹមគ្នានោះដែរ អាជ្ញាធរចិនបានចាត់ទុកថា នេះជាឧបទ្ទវហេតុបណ្តាលឲ្យស្លាប់អ្នកពន្លត់អគ្គិភ័យច្រើនជាងគេបំផុត គិតចាប់តាំងពីឆ្នាំ២០១៥ ដោយនៅក្នុងឆ្នាំនោះ ឃ្លាំងស្តុកគីមីមួយកន្លែងនៅទីក្រុងកំពង់ផែ ធានជីន បានផ្ទុះឆេះសម្លាប់មនុស្សរហូតដល់១៧៣នាក់ ភាគច្រើនជាងគេគឺក្រុមពន្លត់អគ្គិភ័យ និងអ្នកជួយសង្គ្រោះស្ម័គ្រចិត្ត៕ម.ន