លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ប្តេជ្ញាដាក់តំបន់ West Bank ជាឧបសម្ព័ន្ធ បើលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាថ្មី
អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានសន្យាកាលពីចុងសប្តាហ៍មុននេះថា ប្រទេសលោកនឹងដាក់និគមន៍ជនជ្វីហ្វនៅតំបន់ West Bank ដែលអ៊ីស្រាអែលកំពុងកាន់កាប់នោះ “ជាឧបសម្ព័ន្ធ” បើសិនជាលោកជាប់ឆ្នោតជាថ្មី ដែលនេះជាការផ្លាស់ប្តូរគោលនយោបាយយ៉ាងគំហុកមួយ ក្នុងបំណងកៀរគរកម្លាំងជាតិនិយមនៅមុនការបោះឆ្នោត។
លោក ណឺតាន់យ៉ាហ៊ូ បានជំរុញឲ្យមានការពង្រីកនិគមជននេះក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក តែរហូតមកទល់ពេលនេះ លោកមិនបានបញ្ចេញទស្សនវិស័យលម្អិតអំពីតំបន់ West Bank ដែលជនប៉ាឡេស្ទីនចាត់ទុកជាស្នូលនៃរដ្ឋនាពេលអនាគតរបស់ខ្លួននៅឡើយទេ។ សូមបញ្ជាក់ថា ជនជាតិអ៊ីស្រាអែលជាង៤សែននាក់កំពុងរស់នៅ West Bank ជាផ្នែកនៃការកាន់កាប់យោធារបស់ខ្លួនលើទឹកដីនេះ ខណៈជាង២សែននាក់ទៀតរស់នៅក្នុងនិគមន៍ជននៅទីក្រុងហ្សេរុយសាឡឹមខាងកើត។
យ៉ាងណាមិញ ការលើកឡើងអំពីការបញ្ចូលទឹកដី West Bank ជាផ្នែកមួយរបស់អ៊ីស្រាអែលនេះ បានកើតឡើង៣ថ្ងៃគត់នៅមុនការបោះឆ្នោតថ្ងៃ០៩ ខែមេសា និងត្រូវបានគេជឿថា ជាការទាក់ទាញអ្នកបោះឆ្នោតក្រុមស្តាំ ដែលមិនជឿលើការអាចកើតមានកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយប៉ាឡេស្ទីន ៕ម.ន