សហរដ្ឋអាម៉េរិក និងថៃ ដឹកនំាការធ្វើសមយុទ្ធយោធាប្រឆាំងនឹងនាវាមុជទឹក
ថៃ៖ កងទ័ពជើងទឹកភូមិន្ទថៃ និងកងទ័ពជើងទឹកអាម៉េរិក នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំរួមគ្នាមួយ មានឈ្មោះថា «ឆ្មាំសមុទ្រ» ស្ថិតនៅឯសមុទ្រ អាន់ដាម៉ាន់ ដើម្បីពង្រឹងសមត្ថភាពទៅវិញទៅមក នៅក្នុងសង្គ្រាមប្រឆាំងនាវាមុជទឹក ក៏ដូចជាធ្វើឲ្យប្រសើរឡើងការចែករំលែកព័ត៌មានរវាងកងទ័ពជើងទឹកទាំងពីរ។
ឧត្តមនាវីនៃកងទ័ពជើងទឹកភូមិន្ទថៃ លោក កាំឆន ចារឺនគៀត បាននិយាយថា សមយុទ្ធឆ្មាំសមុទ្រនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ហើយវាត្រូវបានរៀបចំធ្វើរាល់ឆ្នាំចាប់តាំងពីពេលនោះមក ។ លោកបន្តថា សមយុទ្ធឆ្មាំសមុទ្រ ជាលំហាត់ហ្វឹកហ្វឺនទ្វេភាគីរវាងថៃ និងសហរដ្ឋអាម៉េរិក ហើយថា វាជាប្រតិបត្តិការកងទ័ពជើងទឹក ដែលពាក់ព័ន្ធនឹងនាវា និងយន្តហោះនៅក្នុងសង្គ្រាមប្រឆាំងនាវាមុជទឹក។ ឧត្តមនាវីនៃកងទ័ពជើងទឹកភូមិន្ទថៃរូបនេះ បានឱ្យដឹងទៀតថា វាជាឱកាសអស្ចារ្យណាស់ដែលកងទ័ពទាំងពីរធ្វើការផ្លាស់ប្តូរបច្ចេកទេស ជំនាញ និងការធ្វើផែន ការអំពីការតាមស្វែងរក និងកម្ទេចនាវាមុជទឹកនៅក្នុងស្ថានភាពផ្សេងៗ។
គួរបញ្ជាក់ថា ថៃបានបញ្ជូននាវា០៣គ្រឿង និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកចូលរួមក្នុងលំហាត់យោធានេះ ខណៈដែលសហរដ្ឋអាម៉េរិកបញ្ជូននាវា០២គ្រឿងមកចូលរួមផងដែរ។ បុគ្គលិកយោធាមកពីភាគីទាំងសងខាង ត្រូវរំពឹងថា នឹងទទួលបានចំណេះដឹងបន្ថែម ស្តីពីការប្រើនាវា និងយន្តហោះក្នុងប្រតិបត្តិការប្រឆាំងវានាមុជទឹកខាងលើនេះ៕ម.ន