ស្ពានស្រែង៖ប្រណាំងទូក «ង» ភ្ជាប់បេះដូងពលរដ្ឋ ២ខេត្ត អបអរភ្ជុំបិណ្ឌ និងប្រាប់យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលទើបបញ្ចប់ទៅនេះ បរិយាកាសនៅឯទំនប់ស្ពានស្រែង ដែលជាចំណុចព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ មានភាពកុះករទៅដោយមនុស្សក្មេង ចាស់ប្រុសស្រីលាយឡំជាមួយស្នាមញញឹមនិងសំណើចក្អាកក្អាយតាមរយៈការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុករយៈពេល២ថ្ងៃពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុករយៈពេល២ មិនត្រឹមតែបង្កើតស្នាមញញឹម និងបរិយាកាសអ៊ូអរក្នុងថ្ងៃបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារមួយយ៉ាងមានអត្ថន័យ ក្នុងការចងភ្ជាប់សាមគ្គីភាពរវាងប្រជាពលរដ្ឋនៅតំបន់ព្រំប្រទល់ ជាមួយសារដាស់ស្មារតីយុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀនទៀតផង។
ពិធីនេះបានកើតជារូបរាងរៀបចំឡើងដោយកិច្ចសហការរវាងរដ្ឋបាលស្រុកក្រឡាញ់ អាជ្ញាធរឃុំតាអាន និងវត្តសរសៃពង។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំទូក «ង» ចំនួន ១៤ទូក មកពីភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប និងភូមិស្ពាន ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ឱ្យមកជួបជុំគ្នាប្រកួតប្រជែងយ៉ាងស្វាហាប់។ពិធីនេះក៏មានការបង្កើតលេងល្បែងប្រជាប្រិយផងដែរ។
លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់បានរៀបរាប់ថាការរៀបចំកម្មវិធីនេះមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សា និងលើកស្ទួយកីឡាប្រពៃណីជាតិរបស់ដូនតាឱ្យបានគង់វង្សផងដែរ។
បន្ថែមពីលើទិដ្ឋភាពសប្បាយរីករាយ ព្រឹត្តិការណ៍នេះក៏បានបង្កប់នូវសារអប់រំផងដែរដល់យុវជនយុវនារី។ ព្រះតេជគុណមេត្តាពលោ ឡន ម៉ក់ ព្រះធម្មធរអនុគណស្រុកក្រឡាញ់ បានមានសង្ឃដីកាថា ការរួមគ្នារៀបចំការប្រកួតប្រពៃណី គឺដើម្បីពង្រឹងចំណងមិត្តភាពរវាងយុវជន និងជាយុទ្ធនាការបំផុសស្មារតីឱ្យយុវវ័យបង្វែរអារម្មណ៍មកចូលរួមកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។
បញ្ចប់ព្រឹត្តិការណ៍នារាត្រីថ្ងៃទី១៣ តុលា ,ភាពជោគជ័យ និងស្នាមញញឹមនៅក្នុងព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅទំនប់ស្ពានស្រែងមិនត្រឹមតែបានបន្សល់ទុកនូវរូបភាពដ៏រីករាយនៃពិធីបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាស្ពានភ្ជាប់សាមគ្គីភាពរវាងប្រជាពលរដ្ឋខេត្តទាំងពីរ និងជាកម្លាំងចលករដាស់ស្មារតីយុវជនជំនាន់ក្រោយឱ្យបន្តចូលរួមថែរក្សាមរតកវប្បធម៌ជាតិឱ្យបានគង់វង្ស៕
ដោយ៖ ប៊ុន រដ្ឋា



