យានអវកាស Beresheet របស់អ៊ីស្រាអែលគ្រោងចុះចតនៅផ្ទៃព្រះចន្ទ នាសប្តាហ៍ក្រោយនេះ
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីស្រាអែល៖ នៅទីបំផុតយានអវកាស ប៊ីរេសស៊ីត (Beresheet) របស់អ៊ីស្រាអែល ត្រូវបានក្រុមការងារនៃបេសកកម្មនេះ បញ្ជាឲ្យទៅដល់ក្នុងគន្លងក្បែរព្រះចន្ទដោយជោគជ័យហើយ ខណៈកំពុងត្រៀមខ្លួនចុះចតនៅទីនោះនាសប្តាហ៍ក្រោយនេះ។
នៅពេលដែលយានអវកាសអ៊ីស្រាអែលនេះ ចុះទៅជាន់ដល់ដីនៃផ្ទៃព្រះច័ន្ទនោះ អ៊ីស្រាអែលនឹងក្លាយជាប្រទេសទី៤ ដែលបានធ្វើបែបនេះ បន្ទាប់ពីសហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ី។ ក្រោយពីសម្រេចជោគជ័យហើយ ក្នុងអំឡុងសប្តាហ៍នេះ យាន ប៊ីរេសស៊ីត នឹងធ្វើការក្រឡឹងជុំវិញឋានព្រះចន្ទដោយសសៀរសន្សឹមៗទៅកាន់តែកៀក ដើម្បីត្រៀមលក្ខណៈសម្រាប់ការព្យាយាមចុះចតនៅថ្ងៃទី១១ ខែមេសា សប្តាហ៍ក្រោយនេះ។
ផ្ទុយទៅវិញ ប្រសិនបើការចូលទៅក្នុងគន្លងក្បែរព្រះចន្ទមិនបានទទួលជោគជ័យទេនោះ គឺមានន័យថា បេសកកម្មអវកាសមួយនេះរបស់អ៊ីស្រាអែលបានបរាជ័យតែម្តង ព្រោះថា យាន រេសស៊ីត អាចនឹងត្រូវទំនាញរបស់ព្រះអាទិត្យស្រូបទាញយកទៅ៕ធ.ដ