លោក ត្រាំ៖ គ្មានឡើយកន្លែងទំនេរសម្រាប់ជនអន្តោប្រវេសន៍ដែលចង់មកជ្រកកោន នៅសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចទៅកាន់ព្រំដែនអាម៉េរិក និងម៉ិកស៊ិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីផ្ញើសារទៅកាន់ជនអន្តោប្រវេសន៍ខុសច្បាប់ថា សហរដ្ឋអាម៉េរិកគ្មានឡើយកន្លែងទំនេរសម្រាប់ការជ្រកកោនរបស់ពួកគេ។
បច្ចុប្បន្នយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ គឺការតស៊ូប្រឆំាងនឹងវិបត្តិជនអន្តោប្រវេសន៍នៅតាមព្រំដែន ដែលយុទ្ធសាស្រ្តដ៏សំខាន់មួយ ដើម្បីស្វែងរកការគំាទ្រសម្រាប់អាណត្តិថ្មីនៅក្នុងការបោះឆ្នោតនាឆ្នំា២០២០ខាងមុខនេះ។ រហូតមកទល់ពេលនេះ ចំនួនជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលធ្វើចំណាកស្រុកដោយសារតែអំពើហិង្សានៅប្រទេសអាម៉េរិកកណ្តាល បាននឹងកំពុងកើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាមានការប្រកាសអាសន្នថ្នាក់ជាតិ និងគំរាមបិទព្រំដែនភាគខាងត្បូងជាប់ម៉ិចស៊ិកទាំងស្រុងពីសំណាក់លោក ត្រាំ ក្តី។
សូមបញ្ជាក់ថា ដោយសារភាពក្រីក្រ និងបទល្មើសផ្សេងៗ រួមទាំងអំពើពុករលួយផងនោះ ប្រទេសហ្គាតេម៉ាឡា ហុងដូរ៉ាស់ និងអែលសាល់វ៉ាឌ័រ បានក្លាយជាប្រភពចម្បងនៃជនអន្តោប្រវេសន៍ដែលព្យាយាមភៀសខ្លួនមកកាន់ទឹកដីសហរដ្ឋអាម៉េរិក៕ធ.ដ