គ.ជ.ប ស្នើភាគីពាក់ព័ន្ធជួយជំរុញពលរដ្ឋឱ្យមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) នៅថ្ងៃទី១៩ តុលា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីអំពាវនាវឲ្យភាគីពាក់ព័ន្ធ រួមទាំងគណៈបក្សនយោបាយទាំងអស់ ចូលរួមសហការជំរុញដល់ប្រជាពលរដ្ឋដែលជាគោលដៅ ឱ្យចូលរួមធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រឡើងវិញក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជាមួយក្រុមចុះឈ្មោះបោះឆ្នោតនៅតាមភូមិ ឃុំ សង្កាត់ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
គ.ជ.ប សង្កេតឃើញថា អត្រាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅមានកម្រិតមធ្យម មិនទាន់អាចឆ្លើយតបបានទៅនឹងផែនការដែល គ.ជ.ប បានរំពឹងទុក។ យោងតាម គ.ជ.ប ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក ត្រូវអញ្ជើញទៅធ្វើបច្ចុប្បន្នភាពឡើងវិញជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងនោះមានការថតរូប និងផ្ដិតមេដៃ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថាគណបក្សប្រជាជនកម្ពុជាបានណែនាំសមាជិកសមាជិការបស់គណបក្សឲ្យជួយផ្សព្វផ្សាយជំរុញពលរដ្ឋឲ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងជំរុញឲ្យពលរដ្ឋទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ តាមការអំពាវនាវដោយ គ.ជ.ប ផងដែរ។
ដោយឡែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មីវិញ នៅមិនទាន់ហ៊ានវាយតម្លៃពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនៅឡើយទ ព្រោះការងារនេះនៅធ្វើបន្តរយៈពេលជាង១ខែទៀត។
ឯកឧត្តម ហង្ស ពុទ្ធា ប្រធានអ្នកនាំពាក្យ គ.ជ.ប បានប្រាប់បណ្ដាញព័ត៌មាន AMS ថាគិតត្រឹមថ្ងៃទិ១៨ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីជិត ២០ម៉ឺននាក់។ ចំណែកប្រជាពលរដ្ឋមកបច្ចុប្បន្នភាពទិន្នន័យជីវមាត្រវិញមានចំនួនជាង ៣០ម៉ឺននាក់។
គ.ជ.ប សង្កត់ធ្ងន់ថា ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦របស់បងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការត្រៀមខ្លួនប្រើសិទ្ធិចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាតំណាងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន និងមានបេសកកម្មបម្រើឱ្យផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់ ហើយការចូលរួមនេះក៏ជាការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជាឱ្យកាន់តែចាក់គ្រឹះរឹងមាំនៅថ្នាក់មូលដ្ឋានផងដែរ៕
សេង បារាំង AMS

