ប្រធានក្រុមហ៊ុន Boeing នឹងបន្ថយសន្ទុះការផលិតប្រចាំខែរបស់យន្តហោះ 737 MAX

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Boeing គ្រោងនឹងកាត់បន្ថយសន្ទុះការផលិតប្រចាំខែនៃយន្តហោះ 737 MAX ដោយចាប់ផ្តើមពីខែនេះតទៅ ដើម្បីផ្តោតការប្រើប្រាស់ធនធានទៅលើកិច្ចប្រឹងប្រែងធ្វើយ៉ាងណាឲ្យ 737 MAX អាចវិលត្រឡប់ទៅហោះលើផ្ទៃអាកាសវិញ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក ឌេននីស មៀលលែនបឺគ (Dennis Muilenburg)។

នាយកប្រតិបត្តិក្រុមហ៊ុន Boeing រូបនេះ បាននិយាយថា យើងបានសម្រេចកាត់បន្ថយអត្រានៃការផលិតពី៥២គ្រឿងក្នុងមួយខែ មកត្រឹម៤២គ្រឿងវិញ ដោយចាប់ផ្តើមពីពាក់កណ្តាលខែមេសានេះតទៅ ហើយប្តេជ្ញាថា នឹងខិតខំធ្វើការកែសម្រួលប្រព័ន្ធហោះហើររបស់យន្តហោះ 737 MAX ដើម្បីទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើងជាថ្មីម្តងទៀត។

ការអះអាងបែបនេះរបស់លោក ឌេននីស មៀលលែនបឺគ ធ្វើឡើងក្រោយពេលដែលរូបលោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញមុខសុំទោសពិភពលោក និងបានទទួលស្គាល់ជាលើកដំបូងថា កំហុសឆ្គងលើការវិភាគទិន្នន័យនៃប្រព័ន្ធរបស់យន្តហោះ មានជាប់ពាក់ព័ន្ធក្នុងការធ្វើឲ្យយន្តហោះ 737 MAX 8 សរុបពីរគ្រឿងធ្លាក់ ដោយមួយគ្រឿងនៅឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំមុន និងមួយគ្រឿងទៀតនៅអេត្យូពី កាលពីខែមីនាឆ្នំានេះ ខណៈហេតុការណ៍ធ្លាក់យន្តហោះទាំងពីរករណីនោះ បានផ្តាច់ជីវិតមនុស្សសរុប៣៤៦នាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner