គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទាន ចំពោះព្រះសង្ឃ និងបង្សុកូលប្រោះព្រំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ភ្នំពេញ៖ ក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ កាន់តែខិតជិតចូលមកដល់ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ដល់មហាគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅអគារ NOCC ។
ពិធីនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់ និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និងជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ។ ម្យ៉ាងវិញទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ ក៏មានការសម្តែងរបាំត្រុដិ និងរបាំជូនពរដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវពរជ័យសេរីមង្គលឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំអតីតកីឡាករ កីឡាការិនី និងមន្ត្រីរាជការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព,ស ២៥៥២ គឺប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ ដែលមានទេវតា ព្រះនាមទុង្សាទេវី ជាបុត្រីទី១២នៃកិលមហាព្រហ្ម សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ ពាហនៈគ្រុឌ៕ធ.ដ