ការលក់រថយន្តនៅទីផ្សារសហរដ្ឋអាម៉េរិក ធ្លាក់ចុះក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ

ក្រុមហ៊ុនផលិតរថយន្តធំៗនៅសហរដ្ឋអាម៉េរិក បានរាយការណ៍ពីការធ្លាក់ចុះការលក់រថយន្តនៅលើទីផ្សារប្រទេសរបស់ខ្លួនក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ ប៉ុន្តែបានបង្ហាញទំនុកចិត្តលើទីផ្សារ ទោះក្រុមអ្នកឃ្លាំមើលឧស្សាហកម្មនេះមួយចំនួនបានព្យាករមិនល្អសម្រាប់ឆ្នាំនេះ។

អ្នកវិភាគបានឲ្យដឹងថា ការលក់រថយន្តនៅត្រីមាសទី១ បានរងប៉ះពាល់ដោយសារឥទ្ធិពលនៃការបិទរដ្ឋាភិបាលអាម៉េរិក និងការធ្លាក់ចុះទីផ្សារភាគហ៊ុនអាម៉េរិកនៅចុងឆ្នាំ២០១៨ ប៉ុន្តែអ្នកវិភាគទាំងនេះក៏ព្រមានផងដែរអំពីទីផ្សាររថយន្តដែលកំពុងធ្លាក់ចុះ។ ក្រុមហ៊ុន GM បានរាយការណ៍ពីការធ្លាក់ចុះការលក់រថយន្តម៉ូដែលជាច្រើន រួមទាំងរថយន្តប្រភេទ SUV និងភីកអាប់ដែលឈានមុខគេរបស់ខ្លួនផងដែរ ប៉ុន្តែបានបន្ទោសមួយផ្នែកលើការផ្គត់ផ្គង់ដែលមានកម្រិត សម្រាប់រថយន្តភីកអាប់ថ្មី ដែលបានចាប់ផ្តើមផលិតក្នុងអំឡុងត្រីមាសទី១នេះ។ ចំណែកឯក្រុមហ៊ុនផលិតរថយន្ត Fiat Chrysler (FCA,) បានរាយការណ៍ពីការធ្លាក់ចុះការលក់៣ភាគរយក្នុងពេលដូចគ្នានេះមកត្រឹមចំនួន៤៩៨.៤២៥គ្រឿង។ សម្រាប់ខែមីនាឆ្នំានេះ ក្រុមហ៊ុន FCA លក់រថយន្តធ្លាក់ចុះ៧ភាគរយមកនៅត្រឹមចំនួន២០០.៣០៧គ្រឿង។

រីឯក្រុមហ៊ុន Toyota ក៏រាយការណ៍ពីការធ្លាក់ចុះការលក់៥ភាគរយមកនៅត្រឹមចំនួន៥៤៣.៧១៦គ្រឿងនៅត្រីមាសទី១ និងធ្លាក់៣,៥ភាគរយនៅខែមីនាមកត្រឹមចំនួន២១៤.៩៤៧ គ្រឿង និងក្រុមហ៊ុន General Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់អាម៉េរិក លក់រថយន្តបានចំនួន៦៦៥.៨៤០គ្រឿងក្នុងរយៈពេល៣ខែដំបូងក្នុងឆ្នាំនេះ ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ថា ការធ្លាក់ចុះទាំងនេះមានភាពស្របគ្នាទៅនឹងការព្យាករណ៍របស់ភាគីនានា ដែលបានព្រមានពីការថមថយកំណើនសេដ្ឋកិច្ច ការដំឡើងអត្រាការប្រាក់ និងការកើនឡើងតម្លៃលក់រាយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner