អង្គការពាណិជ្ជកម្មពិភពលោក WTO ទម្លាក់ការព្យាករណ៍ពាណិជ្ជកម្មពិភពលោក
អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានធ្វើការព្យាករណ៍ថា ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០១៩ នេះ រំពឹងថា នឹងកើនឡើងកាន់តែទាប ដោយ WTO បានលើកឡើងពីភាពតានតឹង ដែលរីករាលដាល និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។
បើតាមឯកសារព្យាករបឋមរបស់ខ្លួនកន្លងមក អង្គការពាណិជ្ជកម្មពិភពលោកមួយនេះ បានព្យាករណ៍ថា កំណើនពាណិជ្ជកម្មនឹងកើនឡើង ៣,៧ ភាគរយនៅឆ្នាំ២០១៩នេះ ប៉ុន្តែអង្គការ WTO បានកែតម្រូវការព្យាករនោះទម្លាក់មកនៅត្រឹម ២,៦ ភាគរយ ដែលបង្ហាញពីការធ្លាក់ចុះពីកំណើន៣ភាគរយដែលបានកត់ត្រាកាលពីឆ្នាំ២០១៨។ ក្នុងការព្យាករប្រចាំឆ្នាំដ៏សំខាន់របស់ខ្លួន អង្គការពាណិជ្ជកម្មពិភពលោកដែលមានសមាជិក១៦៤ប្រទេសនេះ បានលើកឡើងជាថ្មីអំពីបារម្ភពីការគំរាមកំហែងជាប្រព័ន្ធ ដែលអាចបន្តរារាំងដល់សេដ្ឋកិច្ចរបស់ពិភពលោក ជាពិសេសពន្ធនាំចូលសងសឹកគ្នារវាងចិន និងសហរដ្ឋអាម៉េរិក។
ទន្ទឹមគ្នានោះ បើតាមក្រុមសេដ្ឋវិទូនៅអង្គការពាណិជ្ជកម្មពិភពលោក ការពិតដែលថា តួលេខចុងក្រោយមានកម្រិតទាបជាងការព្យាករណ៍បឋមចំនួន១,៤ភាគរយនោះ បញ្ជាក់ពីហានិភ័យនៃការធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ យ៉ាងណាមិញ អង្គការ WTO បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០១៩នេះ ហានិភ័យនៃការធ្លាក់ចុះជាថ្មីម្តងទៀតមានទម្ងន់ខ្លាំងជាសក្តានុពលនៃការកើនឡើងទៅទៀត ប៉ុន្តែការបន្ធូរបន្ថយភាពតានតឹង ជាពិសេសការលុបចោលវិធានការពាណិជ្ជរឹតបន្តឹង អាចមើលឃើញថា ពាណិជ្ជកម្មនៅឆ្នាំ ២០១៩ នឹងកើនលើសពីការព្យាករណ៍នេះ៕ធ.ដ