រដ្ឋមន្ត្រីកសិកម្ម ៖ CAFE26 បានបញ្ចប់ដោយជោគជ័យ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ បានប្រព្រិត្តទៅដោយរលូន និងជោគជ័យ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

ថ្លែងក្នងពិធីបិទវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមការងារ CAFE26 ជាពិសេសកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ និងបងប្អូនអ្នកចូលរួម ដែលបានធ្វើឲ្យកម្មវិធីនេះដំណើរការដោយជោគជ័យ និងរលូនគួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា CAFE26 គឺជាវេទិកាដ៏រស់រវើក និងការតាំងពិព័រណ៍ផលិតផលដ៏សម្បូរបែប ជាពិសេស មានការចូលរួមយ៉ាងច្រើនកុះករ ដែលបានបង្ហាញពីស្មារតីសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ក៏ជាឱកាសនៃការជួបជុំគ្នារវាងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន វិនិយោគិន ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការ ព្រមទាំងអ្នកស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ និងកសិករជាដើម។

ឯកឧត្តម ឌិត ទីណា បន្តថា វេទិកា និងពិព័រណ៍នេះ គឺជាការផ្សាភ្ជាប់ទំនាក់ទំនង ការកសាងភាពជាដៃគូយូរអង្វែង ការតភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គូផ្គងអាជីវកម្ម ព្រមទាំងការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនកិត្តិយសសំខាន់ៗ សំដៅប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឲ្យដើរទៅមុខប្រកបដោយភាពស្វាហាប់ និងការបង្កើតបរិយាកាសវិនិយោគ និងប្រព័ន្ធអេកូឡូស៊ីកសិកម្ម។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តរក្សាទំនាក់ទំនង ឈានទៅសម្រេចបានការចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្ម ជំរុញការកែច្នៃកសិផល ការអភិវឌ្ឍន៍ភស្តុភារកម្មត្រជាក់ ក៏ដូចជាការបង្កើតកញ្ចប់ហិរញ្ញវត្ថុដែលមានភាពបត់បែន ជាមួយកម្ចីការប្រាក់ទាបឆ្លើយតបនឹងបរិបទជាក់ស្តែង។

ក្រៅពីនេះ ឯកឧត្តម ឌិត ទីណា បានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងវិស័យកសិកម្មកម្ពុជា ដែលជាកត្តាសំខាន់ និងនាំមកនូវផលប្រយោជន៍ជាច្រើន ក្នុងការស្វែងរកឱកាសសម្រាប់កសិករ ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្ម និងទំនើបកម្មកសិកម្ម សហគ្រិនភាព និងការបង្កើនតម្លៃបន្ថែម សំដៅធានាបានសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner