ឯកឧត្តម សាយ សំអាល់ ណែនាំសិស្សនិទ្ទេស A ឱ្យខិតខំពង្រឹងសមត្ថភាពបន្ថែម ព្រោះជោគជ័យនេះគ្រាន់ជាចំណុចចាប់ផ្តើមប៉ុណ្ណោះ
ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានរំលឹកសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយឆ្នាំ២០២៦នេះទាំងអស់ ឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ព្រោះជោគជ័យបាក់ឌុប គ្រាន់ជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានក្រើនរំលឹក និងណែនាំដល់សិស្សជ័យលាភីនិទ្ទេស A ទាំងអស់ ឱ្យបន្តរក្សាស្មារតីខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថា ភាពជោគជ័យនៃការប្រឡងជាប់បាក់ឌុបនេះ គ្រាន់តែជាចំណុចចាប់ផ្តើម នៃផ្លូវជីវិតប៉ុណ្ណោះ ។ ឯកឧត្តមគូសបញ្ជាក់ថា ទោះបីជាសិស្សជ័យលាភីទាំងអស់ទទួលបានជោគជ័យ ក្នុងការប្រឡងបាក់ឌុបនេះហើយក្តី ក៏មិនត្រូវមានមោទនភាពហួសហេតុនោះដែរ គឺត្រូវបន្តការសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីអនាគតដ៏ល្អរុងរឿងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។
ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅខេត្តព្រះសីហនុ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់ ដែលបានតស៊ូព្យាយាមរៀនសូត្រ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ជាសិស្សនិទ្ទេស A។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការអប់រំ និងបង្ហាត់បង្រៀនសិស្ស ក៏ដូចជាកូនចៅ រហូតទទួលបានជោគជ័យដ៏ធំធេងនេះ។
ទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តាំផ្ញើដល់សិស្សជ័យលាភីទាំងអស់ ត្រូវចេះជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍរបស់ប្រទេសជាតិ ព្រមទាំងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី ដ៏មានសក្តានុពលក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ។
ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញឱ្យសិស្សទាំងអស់រៀនស្គាល់ខ្លួនឯង និងពិភពលោក ព្រមទាំងអំពាវនាវដល់ភាគីពាក់ព័ន្ធគិតគូរបន្ថែមទៀតពីការពូនជ្រំវិស័យអប់រំជាតិ ដែលជាមធ្យោបាយក្នុងការផ្លាស់ប្តូរផ្នត់គំនិត បង្រៀនទំនៀមទម្លាប់ ប្រពៃណី សុជីវធម៌ និងទំនាក់ទំនង តាមរយៈការរៀបចំសាលារៀន និងបង្កបរិយាកាសឱ្យសិស្សចង់រៀន ដោយរៀបថ្នាក់រៀនឱ្យស្អាត ទីធ្លាសាលា អាហារដ្ឋាន បន្ទប់ទឹក និងដាំដើមឈើ ។
ជាមួយគ្នានេះ ក្នុងឱកាសផ្តល់ម៉ូតូជូនសិស្សជ័យលាភីនិទ្ទេស A ក្រុមការងារក៏បានផ្តល់ម៉ូតូជូនដល់ប្រជាការពារ ក្រុង ស្រុក ទាំង ៦ និងឃុំសង្កាត់ទាំង ២៩ នៅខេត្តព្រះសីហនុ ដើម្បីចូលរួមលើកកម្ពស់ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ




