រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់គោលការណ៍រៀបចំសេវាកម្សាន្តខាងផ្នែកកីឡា ឲ្យបានល្អប្រសើរ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ តាមទីសាធារណៈ
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលការណ៍រៀបចំសេវាកម្សាន្តខាងផ្នែកកីឡាឲ្យបានល្អប្រសើរ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ តាមទីសាធារណៈ។ ប្រសាសនេះលើកឡើងក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី២ និងឆមាសទី២ ឆ្នាំ២០១៩ កាលពីចុងសប្តាហ៍កន្លងទៅ។
ឯកឧត្តម វ៉ាត់ ចំរើន បន្តទៀតថា ដើម្បីរៀបចំឲ្យក្លាយជាទីក្រុងថ្មី ឬ Smart City រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានជំរុញឲ្យរៀបចំកន្លែងកម្សាន្តផ្នែកកីឡា នៅតាមខេត្ត ទីក្រុង ទីប្រជុំជន និងសួនកម្សាន្តសាធារណៈ ឲ្យមានដូចជាសម្ភារហាត់ប្រាណ ទីលានកីឡាគ្រប់ប្រភេទសម្រាប់ទេសចរជាដើម ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា ដែលជាចលនាអប់រំសុខភាពមួយប្រកបដោយនិរន្តភាពទៅថ្ងៃអនាគត។
ឯកឧត្តមអគ្គលេខាធិការ បន្ថែមថា នៅតាមគោលដៅទេសចរមួយចំនួន ត្រូវរៀបចំឲ្យមានផ្លូវរត់ ផ្លូវជិះកង់ ជាលក្ខណៈស្តង់ដារ ដូចជា នៅតាមតំបន់អង្គរ និងតំបន់ទេសចរណ៍ធំៗ សម្រាប់ភ្ញៀវទេសចរដែលជាកីឡាករ កីឡការិនី ចូលចិត្តរត់នៅជុំវិញពិភពលោកមានជិត២០% ឲ្យមកលេង នៅព្រះរាជាណាចក្រកម្ពុជា ដូចជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិអង្គរ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ដែលមានអ្នកចូលរួមរត់រាប់ពាន់នាក់ រាប់ម៉ឺននាក់ ព្រឹត្តិការណ៍កីឡាទាំងនេះហើយ ដែលការចាក់បញ្ជូលនៃកំនើនស្ថិតិភ្ញៀវទេសចរ ទៅតាមកម្មវិធីអូសទាញភ្ញៀវទេសចររបស់ក្រសួងទេសចរណ៍។
អគ្គលេខាធិការរូបនេះ បញ្ជាក់ថា គិតឆ្នាំ២០១៩នេះ កម្ពុជាទើបតែមានកំនើនភ្ញៀវទេចរជាកីឡា នៅក្រោម១០% នៅឡើយទេ ដូច្នេះហើយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ខិតខំបង្កើតទេសចរណ៍ផលិតផលថ្មីៗ ប្រកបដោយគុណភាព ដើម្បីទាក់ទាញកីឡាទេសចរ ឲ្យបានច្រើននាថ្ងៃអនាគត៕ធ.ដ