ក្លិប Liverpool ត្រូវការ៣ពិន្ទុពីម្ចាស់ផ្ទះ Southampton ដើម្បីឡើងកំពូលតារាងវិញ
ក្លិប Liverpool ត្រូវជួបជាមួយ Southampton នៅ Premier League សប្ដាហ៍ទី៣៣ ម៉ោង២រំលងអាធ្រាត្រនេះ។ ហង្សក្រហមបច្ចុប្បន្នកំពុងឈរលេខ២ ចាញ់ Manchester City ចំនួន១ពិន្ទុ ខណៈ Southampton កំពុងឈរលេខ១៦ មានត្រឹម៥ពិន្ទុប៉ុណ្ណោះលើតំបន់ ដែលត្រូវគេកាត់ចោល ដូច្នេះចង់មិនចង់ក្រុមលោក Hasenhüttl ត្រូវការពិន្ទុដូចគ្នា ដើម្បីរក្សាតំណែងសុវត្ថិភាពដែរ។
កម្លាំងសំខាន់របស់ម្ចាស់ផ្ទះ Southampton ដូចជាកីឡាករ Danny Ings មិនអាចលេងបានទេយប់នេះ ខណៈ Mario Lemina និង Michael Obafemi កំពុងរបួស។ Shane Long និង Jannik Vestergaard អាចចូលលេងវិញបានក្រោយជាពីរបួសក្រលៀន និងភ្លៅ។
ចំណែកឯក្រុមភ្ញៀវ Liverpool មានកីឡាករមួយចំនួនដូចជា Joe Gomez និង Alex Oxlade-Chamberlain មិនបានលេងឡើយ បើទោះជាគេទាំងពីរចូលហ្វឹកហាត់បានវិញក៏ដោយ ប៉ុន្តែខ្សែការពារសំខាន់ និងជាអតីតកីឡាករ Southamptonគឺ Virgil van Dijk អាចចូលលេងវិញបានបន្ទាប់ពីរបួសកាល ប៉ះ Tottenham៕ម.ន