ប្រមុខការទូតតួកគីអះអាងថា ការទិញប្រព័ន្ធ S-400 ពីរុស្ស៊ី គឺជាកិច្ចព្រមព្រៀងស្ថាពរ និងមិនអាចលុបចោលបានទេ

តួកគី៖ រដ្ឋមន្ត្រីក្រសួងការបរទេសតួកគីលោក ម៉េវលូត ខាវូសូគ្លូ បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះថា ការទិញប្រព័ន្ធខែលការពារអាកាស S-400 របស់រុស្ស៊ី ដែលបានបង្កើនភាពតានតឹងជាមួយសហរដ្ឋអាម៉េរិកនោះ គឺជាកិច្ចព្រមព្រៀងស្ថាពរ និងមិនអាចលុបចោលបានទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រៅដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិក ប្រមុខការទូតតួកគីរូបនេះ បាននិយាយថា តួកគីចង់ទិញប្រព័ន្ធ Patriot របស់អាម៉េរិក ប៉ុន្ដែខ្លួននឹងមិនលុបចោលកិច្ចព្រមព្រៀងជាមួយរុស្ស៊ីនោះទេ។ សហរដ្ឋអាម៉េរិក និងតួកគី កំពុងទាស់ទែងគំនិតគ្នាចំពោះការសម្រេចចិត្តរបស់ទីក្រុងអង់ការ៉ា ក្នុងការទិញប្រព័ន្ធខែលការពារអាកាស S-400 ដែលមិនត្រូវគ្នាជាមួយប្រព័ន្ធរបស់អង្គការណាតូ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមានថា ការបន្តឱ្យមានកិច្ចព្រមព្រៀងបែបនេះ អាចនឹងនាំឱ្យមានការដាក់ទណ្ឌកម្មពីអាម៉េរិក។

សូមរំលឹកថា កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសតួកគីលោក ម៉េវលូត ខាវូសូគ្លូ បានបញ្ជាក់ថា ប្រទេសរបស់លោកបានស្នើសុំបង្កើតក្រុមការងារមួយជាមួយរដ្ឋបាលអាម៉េរិក ដើម្បីធានាថា ប្រព័ន្ធ S-400 មិនបង្កការគំរាមកំហែងដល់

យោធូបករណ៍របស់សហរដ្ឋអាម៉េរិក ឬអង្គការណាតូនោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner