រដ្ឋមន្រ្តីការបរទេសស៊ីរីបញ្ជាក់ថា ប្រទេសខ្លួនអាចនឹងប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាតំបន់ Golan Heights ជាមួយអ៊ីស្រាអែល
ស៊ីរី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយប្រមុខការទូតវេណេស៊ុយអេឡា លោក Jorge Arreaza នៅថ្ងៃព្រហស្បតិ៍តនេះ រដ្ឋមន្រ្តីការបរទេសស៊ីរីលោក Walid Muallem បានលើកឡើងថា នៅពេលដែលយើងនិយាយអំពីជម្រើសទាំងអស់ យើងក៏ចង់សំដៅទៅលើជម្រើសនៃការប្រើកម្លាំងយោធាផងដែរ គឺយើងមិនលុបចោលឡើយ ប៉ុន្តែបច្ចុប្បន្នស៊ីរីគឺផ្តោតអាទិភាពទៅលើការរំដោះទឹកដីឲ្យបានទាំងស្រុងចេញពីកណ្តាប់ដៃក្រុមភេរវករ។
សូមរំលឹកថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅនេះ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែល។ តំបន់ Golan Heights ស្ទើរតែទាំងអស់បានស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ចាប់តាំងតែពីប្រទេសនេះបានដណ្តើមកាន់កាប់វាពីស៊ីរី ក្នុងអំឡុងសង្រ្គាមរយៈពេល០៦ថ្ងៃជាមួយបណ្តាប្រទេសអារ៉ាប់ជិតខាងកាលពីឆ្នាំ១៩៦៧។
កាលពីឆ្នាំ១៩៨១ សភាអ៊ីស្រាអែលបានអនុម័តច្បាប់ថ្មីមួយ ដើម្បីចាត់បញ្ចូលតំបន់នេះជាដែនដីពេញសិទ្ធិរបស់ខ្លួន ប៉ុន្តែពុំមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិឡើយ ដោយនៅឆ្នាំ២០១៨ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានអនុម័តដំណោះស្រាយមួយ ដែលទទូចឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ Golan Heights ជាបន្ទាន់ផងដែរ៕ធ.ដ