ចំនួនអ្នកស្លាប់កើនដល់២១នាក់ ក្នុងហេតុការណ៍គ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានវាយប្រហារប្រទេសអ៊ីរ៉ង់
អ៊ីរ៉ង់៖ គ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ហូរឆ្លងកាត់ប្រទេសអ៊ីរ៉ង់ បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់២១នាក់ហើយ និង១១០នាក់ផ្សេងទៀតទទួលរងរបួស នេះបើតាមការបញ្ជាក់របស់មន្រ្តីសង្គ្រោះបន្ទាន់នៅក្នុងថ្ងៃ អង្គារ៍ សប្តាហ៍នេះ។
ប្រភពដដែលបន្តថា មនុស្ស១៩នាក់បានបាត់បង់ជីវិត និង៩៨នាក់ផ្សេងទៀតទទួលរងរបួស នៅឯភាគខាងត្បូងនៃទីក្រុង Shiraz ខណៈមនុស្សម្នាក់ទៀតបានស្លាប់ ស្ថិតនៅភាគខាងលិចនៃខេត្ត Kermanshah និងមនុស្សផ្សេងទៀតនៅខេត្ត Lorestan ព្រមទាំងនៅភាគខាងលិចផងដែរ។
សូមបញ្ជាក់ថា ខេត្តចំនួន២៥ ក្នុងចំណោម៣១ខេត្ត របស់ប្រទេសអ៊ីរ៉ង់ ធ្លាប់ទទួលរងគ្រោះយ៉ាងធ្ងន់ដោយសារតែគ្រោះទឹកជំនន់ ឬក៏ប្រឈមមុខនឹងការគំរាមគំហែងពីគ្រោះធម្មជាតិ ដែលអាចនឹងកើតឡើង។ ជុំវិញបញ្ហាខាងលើនេះ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហានី បានចេញសេចក្តីថ្លែងការណ៍ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងអរគុណដល់ក្រុមមន្រ្តីសង្គ្រោះបន្ទាន់ និងមន្រ្តីយោធា ក្នុងការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយដ៏អាក្រក់នេះ៕ធ.ដ