ជនភៀសខ្លួនអាហ្វហ្កានីស្ថានប្រមាណ៩២,៦០០នាក់ វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ នៅឆ្នាំ២០១៩នេះ
អាហ្វហ្កានីស្ថាន៖ ជនភៀសខ្លួនប្រមាណ៩២,៦០០នាក់ បានសម្រេចចិត្តវិលត្រឡប់មកពីប្រទេសជិតខាងប៉ាគីស្ថាន និងអ៊ីរ៉ង់វិញហើយ ចាប់តំាងពីខែមករា ដើមឆ្នំា២០១៩ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារអង្គការអន្តរជាតិទទួលបន្ទុកជនអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា IOM នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។
បើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអង្គការ IOM បានឱ្យដឹងថា ជនភៀសខ្លួនប្រហែល៩២,៦៩៨នាក់ បានសម្រេចចិត្តវិលត្រឡប់មកពីប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថានវិញ ចាប់តាំងពីថ្ងៃទី០១ ខែមករា ដើមឆ្នំា២០១៩ ខណៈដែលជនភៀសខ្លួនប្រមាណ៤,១៨២នាក់ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេ ដោយធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន នាអំឡុងពេលនោះ។ សរុបជនភៀសខ្លួនអាហ្វហ្កានីស្ថានប្រមាណ៨៨,៥១៦នាក់ ត្រូវបានគេរាយការណ៍ថា បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ ដោយធ្វើដំណើរមកពីប្រទេសអ៊ីរ៉ង់ ខណៈដែលតម្លៃរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះ ហើយឱកាសការងារក៏ធ្លាក់ចុះទាបផងដែរ។
បើតាមតួលេខពីក្រសួងជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍របស់អាហ្វហ្កានីស្ថាន ជនភៀសខ្លួនអាហ្វហ្កានីស្ថានច្រើនជាង៨៤៩,០០០នាក់ បានវិលត្រឡប់ ឬក៏និរទេសទៅកាន់ប្រទេសកំណើតវិញកាលពីឆ្នំា២០១៨ ដោយធ្វើដំណើរមកពីបណ្តាប្រទេសជិតសំខាន់ៗរបស់អាហ្វហ្កានីស្ថាន៕ធ.ដ