អតីតប្រមុខដឹកនាំអង្គការសហប្រជាជាតិថ្លែងថា កូរ៉េខាងត្បូងមិនគួរចាត់វិធានការឯកតោភាគីជាមួយកូរ៉េខាងជើងឡើយ
កូរ៉េខាងត្បូង៖ អតីតលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានជំរុញឲ្យកូរ៉េខាងត្បូងធ្វើកិច្ចសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK។
លោក បាន គីមូន ដែលធ្លាប់កាន់មុខតំណែងជាប្រមុខដឹកនាំអង្គការសហប្រជាជាតិអស់រយៈពេល១០ឆ្នំា បើគិតមកទល់ឆ្នាំ២០១៦ បានថ្លែងយ៉ាងដូច្នេះនៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ ការកត់សម្គាល់របស់លោក បាន ខាងលើនេះដែរ ធ្វើឡើងបន្ទាប់ពីជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅវៀតណាម បិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមគ្នា។
នាឱកាសនោះដែរ លោក បាន គីមូន ក៏បានលើកឡើងអំពីសារសំខាន់នៃសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ក៏ដូចជាអំពាវនាវដល់រដ្ឋបាលរបស់លោកប្រធានាធិបតី មូន ជែអ៊ីន មិនគួរចាត់វិធានការជាលក្ខណៈឯកតោភាគី ក្នុងការពង្រឹងគម្រោងអន្តរកូរ៉េ ហើយថា សម្រាប់ពេលបច្ចុប្បន្នកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពេញទំហឹងជាមួយកូរ៉េខាងជើង នឹងមិនអាចទៅរួចនោះឡើយ៕ធ.ដ