អាម៉េរិកជំរុញឲ្យថៃស៊ើបអង្កេតភាពមិនប្រក្រតី ជុំវិញការបោះឆ្នោតថ្ងៃទី២៤ មីនា
ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានលើកឡើងកាលពីថ្ងៃទី២៦ មីនា ម្សិលមិញថា សហរដ្ឋអាម៉េរិកទទឹងរង់ចាំធ្វើការជាមួយរាជរដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់ប្រទេសថៃ ហើយបានជំរុញឲ្យរដ្ឋបាលក្រុងបាងកកបង្ហាញលទ្ធផលនៃការបោះឆ្នោត កាលពីចុងសប្តាហ៍ ឲ្យបានឆាប់ ជាមួយនឹងការស៊ើបអង្កេតស្រាយបំភ្លឺករណីមិនប្រក្រតីនានាកន្លងមក។
លោក Robert Palladino អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានប្រាប់អ្នកសារព័ត៌មានថា «ពួកយើងមានជំហរជាមួយប្រជាជនថៃក្នុងការជំរុញឲ្យមានការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ហើយត្រូវស៊ើបអង្កេតឲ្យមានតម្លាភាព និងយុត្តិធម៌ លើបញ្ហាមិនប្រក្រតីដែលត្រូវបានលើកឡើងកន្លងមក ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ»។ លោកបន្ថែមទៀតថា «សហរដ្ឋអាម៉េរិកទទឹងរង់ចាំធ្វើការជាមួយរដ្ឋាភិបាលជាប់ឆ្នោតថ្មី ដើម្បីជំរុញប្រទេសទាំងពីរកាន់តែមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរួមគ្នា ឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងភាពរុងរឿង សម្រាប់ពលរដ្ឋទាំងអស់»។
ជុំវិញការបោះឆ្នោតសកលនៅប្រទេសថៃ កាលពីថ្ងៃអាទិត្យទី២៤ មីនា ២០១៩ កន្លងទៅ មានការចោទប្រកាន់ពីភាពមិនប្រក្រតីខ្លះៗ ក្នុងនោះ មានដូចជាចោទថា មានការទិញសន្លឹកឆ្នោត ប៉ុន្មានយប់មុនថ្ងៃបោះឆ្នោតពីសំណាក់អង្គការឃ្លាំមើល P-Net ព្រមទាំងមានការចោទប្រកាន់ពីលោកថាក់ស៊ីន អតីនាយករដ្ឋមន្ត្រីថៃ ថា បក្សផ្លាង ប្រារ៉ាឆាត របស់លោកប្រាយុទ្ធ ចាន់អូចា ទទួលបានសំឡេងច្រើនលើសលុប មិនគួរឲ្យជឿ ខណៈដែលបក្សនេះទើបត្រូវបានបង្កើតថ្មីនោះ។ រីឯលទ្ធផលបោះឆ្នោតផ្លូវការ ត្រូវបានពន្យារពេលតាំងពីយប់ថ្ងៃទី២៤ មីនា រហូតដល់ពេលនេះ មិនទាន់ប្រកាសទេ៕ធ.ដ