ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា ចង់ឲ្យមានការប្រកួតកីឡាវាយកូនឃ្លីលើតុ យុវជនឲ្យបាន១ដងទៅ២ដង ក្នុង១ឆ្នាំៗ
ថ្លែងនៅក្នុងឱកាសបិទការប្រកួតកីឡាវាយកូនឃ្លីលើតុយុវជនអាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ ប្រចាំ២០១៩ កាលពីចុងសប្តាហ៍នេះ ឯកឧត្តម ជា ប៊ុនហេង ប្រធានប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជាថា ចង់ឲ្យមានការប្រកួតពានរង្វាន់បែបនេះ ឲ្យបាន១ដងទៅ២ដង ក្នុង១ឆ្នាំៗ ដើម្បីបង្កើនកម្រិតអភិវឌ្ឍបច្ចេកទេសកីឡាករ កីឡាការិនីវ័យក្មេងឲ្យកាន់តែរីកចម្រើន ពីព្រោះថា ការហ្វឹកហាត់ ដែលមិនមានការប្រកួតដណ្តើមពានរង្វាន់នោះ គឺមិនទទួលបានលទ្ធផលល្អប្រសើរឡើយ។
ឯកឧត្តមបញ្ជាក់ទៀតថា ការប្រកួតលើកនេះ មានភាពផុសផុលបានច្រើនបង្គួរ ហើយតាមរយៈការ ប្រកួតនេះ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា គុណភាពរបស់កីឡាករ កីឡាការិនីថ្នាលនឹងកើនឡើងនូវគុណភាព បច្ចេកទេសកាន់តែល្អប្រសើរបន្ថែមទៀត ក៏ដូចជាជួយជំរុញអភិវឌ្ឍន៍វិស័យកីឡាវាយកូនឃ្លីលើតុកាន់តែរីកចម្រើន ហើយឯកឧត្តមសន្យាថា នឹងរៀបចំការប្រកួតមួយទៀត នាខែតុលា ក្នុងឆ្នាំ២០១៩។
ឯកឧត្តម ជា ប៊ុនហេង បន្ថែមទៀតថា ការហ្វឹកហាត់របស់ក្មេងៗនៅតាមសាលារៀន នៅតាមក្លិបនានា លើប្រភេទកីឡាវាយកូនឃ្លីលើតុនេះមានចំនួនតិចតួចនៅឡើយ។ ដូច្នេះហើយការរៀបចំពានរង្វាន់បែបនេះ គឺដើម្បីបំផុសស្មារតីយុវជនឲ្យចូលរួមការហ្វឹកហាត់ និងប្រកួតកីឡានេះឲ្យកាន់តែសម្បូរបែបអាចសម្រិតសម្រាំងបានធនធានល្អៗសម្រាប់ជាតិកាន់តែមានគុណភាព។
ជាមួយគ្នានេះដែរ កីឡាករការិនីដែលបានចូលរួមប្រជែងក្នុងព្រឹត្តិការណ៍នេះ សុទ្ធសឹងតែបង្ហាញនូវអារម្មណ៍រីករាយ បន្ទាប់ពីពួកគេមានឱកាសប្រកួតប្រជែងសាកល្បងសមត្ថភាព។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើម និងការឧបត្ថម្ភថវិកាដោយឯកឧត្តម ជា ប៊ុនហេង ដោយកាលពីខែមករា ឆ្នាំ២០១៩ ឯកឧត្តមបានរៀបចំការប្រកួតកីឡាវាយ កូនឃ្លីលើតុ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ម្តងរួចមកហើយៗការប្រកួតលើកនេះក៏ត្រូវបានរៀបចំឡើង តាមការសន្យារបស់ឯកឧត្តមផងដែរ។ ចំពោះក្មេងៗ ដែលប្រកួតមិនដណ្តើមបានជ័យលាភីទទួលបានការលើកទឹកចិត្តជាថវិកាចំនួន៥ម៉ឺនរៀល ក្នុងម្នាក់ៗ ដែលថវិកាឧបត្ថម្ភទទួលបានពីក្រសួងមហាផ្ទៃ ក្រោមការរៀបចំ និងផ្តួចផ្តើមគំនិតពីឯកឧត្តម ជា ហ៊ុនហេង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍លើកទី១ ឆ្នាំ២០១៩នេះ មានក្រុមកីឡាករ-កីឡាការិនីថ្នាលមកពីក្លិប សមាគម និងសាលាឯកជន ចំនួន៣៦នាក់ ដែលមានអាយុចន្លោះក្រោមអាយុ១៥ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំរៀបចំ បច្ចេកទេសដោយសហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា ដោយគណៈកម្មការបច្ចេកទេសសម្រិតបានជ័យលាភីលើ ៤ប្រភេទវិញ្ញាសា៕ធ.ដ