អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ ប្តេជ្ញាចិត្តរៀបចំការប្រកួតជើងឯក និងពានរង្វាន់នានាឲ្យបានច្រើន ក្នុងឆ្នាំ២០១៩នេះ

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធខ្មែរហាប់គីដូ រៀបចំធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅ៦ចំណុចធំៗ នាឆ្នាំ២០១៩ កាលពីចុងសប្តាហ៍កន្លងទៅ នៅសាលអគារកីឡាសូហ្វតេន្នីស នៃពហុកីឡដ្ឋានជាតិ ដោយថ្នាក់ដឹកនាំ បានប្តេជ្ញាចិត្តថា នឹងរៀបចំការប្រកួតជើងឯក ឬពានរង្វាន់នានាឲ្យបានច្រើន ក្នុងឆ្នាំ២០១៩នេះ ដើម្បីគោលដៅអភិវឌ្ឍន៍វិស័យកីឡាហាប់គីដូឲ្យរីកចម្រើន បន្ទាប់ពីទទួលបានការគាំទ្រខ្លាំង និងមានសកម្មភាពផុសផុលរយៈពេល២ឆ្នាំចុងក្រោយនេះ។

លោក គង់ចាន់ ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឲ្យដឹងថា កាលពីឆ្នាំ២០១៨ សហព័ន្ធសម្រេចបានសមិទ្ធផលជាច្រើនមានដូចជា ចូលរួមសកម្មភាពកីឡាផ្សេងៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសកម្មភាពជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

វិស័យកីឡាហាប់គីដូ ត្រូវបានមហាជនទទួលស្គាល់ និងទាក់ទាញបានយុវជនជាច្រើនចូលរួមហ្វឹកហាត់ ប៉ុន្តែសហព័ន្ធពុំទាន់មានសកម្មភាព ដូចជារៀបចំការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់នានា ដើម្បីឆ្លើយតបនឹងកំណើនអ្នកហ្វឹកហាត់នាពេលបច្ចុប្បន្ន សហព័ន្ធកំពុងកំណត់ទិសដៅថា នឹងបង្កើតព្រឹត្តការណ៍ឲ្យបានច្រើន ដើម្បីវាស់ស្ទង់ និងស្វែងរកធនធានកីឡាករ-កីឡាការិនីល្អៗ ដើម្បីត្រៀមដណ្តើមមេដាយពីព្រឹត្តិការណ៍អន្ដរជាតិនានា នាពេលខាងមុខ។

អង្គមហាសន្និបាតនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានដាក់ចេញនូវទិសដៅធំៗសម្រាប់ឆ្នាំ២០១៩ ដូចជា បង្កើនទំនាក់ទំនង និងបង្កើតក្លិបនៅតាមរាជធានី ខេត្តបន្ថែម រៀបចំវគ្គបណ្ដុះបណ្ដាលថ្នាលបន្ថែមទៀត បង្កើនការផ្សព្វផ្សាយកីឡាហាប់គីដូ ឲ្យទូលំទូលាយ ជួយពង្រឹងបច្ចេកទេសគ្រូបង្វឹកតាមក្លប បង្កើនទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ និងព្យាយាមបង្កើតព្រឹត្តការណ៍ប្រកួតឲ្យបានច្រើនផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner