ភ្នំពេញក្រោន សហការជាមួយក្រុមហ៊ុន Smart Axiata ប្តូរឯកសណ្ឋាន និងឈ្មោះកីឡដ្ឋានថ្មី ដើម្បីអភិវឌ្ឍន៍ក្លិបឲ្យឈានដល់កម្រិតអាជីព

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសពីការចុះកិច្ចព្រមព្រៀងទៅលើភាពជាដៃគូរយៈពេល២ឆ្នាំ ដើម្បីប្តូរឈ្មោះកីឡដ្ឋានថ្មីគឺ «Smart RSN Stadium» និងបានបង្ហាញឯកសណ្ឋានថ្មីសម្រាប់រដូវកាល២០១៩-២០២០ នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ ស្របពេលដែលម្ចាស់ក្លិប និងដៃគូឧបត្ថម្ភ Smart បានប្តេជ្ញាអភិវឌ្ឍន៍យុវជនឲ្យឈានដល់កម្រិតអាជីព។

បើតាមសេចក្តីប្រកាសព័ត៌មានពីក្លិបភ្នំពេញក្រោន និងក្រុមហ៊ុន Smart បានឲ្យដឹងថា នឹងបង្កើតឲ្យមានការប្រកួតលីគយុវជនដែលមានឈ្មោះថា Smart Youth League ដែលជាស្ពានសម្រាប់ក្រុមបាល់ទាត់យុវជនតាមសាលារៀន និងតាមសហគមន៍គ្រប់ខេត្តក្រុងអាចចូលរួមប្រកួតប្រជែងដើម្បីឲ្យក្លាយជាក្រុមបាល់ទាត់ពិតប្រាកដ និងជាកីឡាករបាល់ទាត់អាជីពនាពេលអនាគត ដើម្បីរួមចំណែកអភិវឌ្ឍន៍បាល់ទាត់នៅប្រទេសកម្ពុជា។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានពន្យល់ថា «ភាពជាដៃគូនេះ មានគោលបំណងក្នុងការបង្កើតកីឡាករ និងកីឡាការិនីបាល់ទាត់វ័យក្មេងជំនាន់ថ្មីមួយ តាមរយៈការផ្តល់ឱកាសផ្សេងៗឲ្យពួកគេក្នុងការសម្រេចគោលដៅរបស់ពួកគេក្នុងកីឡាផ្សេងៗ និងបង្កើតមិត្តភាពថ្មីតាមរយៈកីឡាដ៏មានប្រជាប្រិយភាពមួយនេះ»។

លោកបន្តថា លោកពិតជារីករាយណាស់ក្នុងការគាំទ្រដល់ក្លិបភ្នំពេញក្រោនក្នុងកិច្ចការប្រតិបត្តិការរបស់ពួកគេ និងក្នុងការបង្វឹកកីឡាករវ័យក្មេងដែលមានទេពកោសល្យដើម្បីលេងកីឡាបាល់ទាត់ជាតិសម្រាប់កម្ពុជា។ Smart គាំទ្រយ៉ាងសកម្មទៅលើកីឡាករកម្រិតថ្នាលទូទាំងប្រទេសកម្ពុជា ហើយក៏រីករាយបាននាំយកការគាំទ្រនេះទៅកាន់មួយកម្រិតទៀតជាមួយនឹងភាពជាដៃគូ។

សូមបញ្ជាក់ថា ភ្នំពេញក្រោន ជាក្លិបបាល់ទាត់ដែលឈ្នះពានលីគកម្ពុជាច្រើនជាងគេរហូតដល់៦ដង និងជាថ្នាលបណ្ដុះបណ្ដាលយុវជនបាល់ទាត់ល្អបំផុតនៅប្រទេសកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner