ទីបំផុតមន្ទីរបញ្ចកោណសម្រេចអនុម័តកញ្ចប់ថវិកា១ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំដែនរបស់លោក ត្រាំ
សហរដ្ឋអាម៉េរិក៖ កញ្ចប់ថវិកា១ពាន់លានដុល្លារ ត្រូវបានក្រសួងការពារជាតិអាម៉េរិកសម្រេចអនុម័តជាផ្លូវការហើយ សម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិករបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។
រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកស្តីទី គឺលោក ផាតទ្រីគ ហ្ស៊ាណាហេន បានថ្លែងប្រាប់សារព័ត៌មាន AFP នៅថ្ងៃច័ន្ទនេះថា រូបលោកបានសម្រេចអនុម័តលើកញ្ចប់មូលនិធិសម្រាប់សាងសង់ជញ្ជំាងព្រំដែនរវាងអាម៉េរិក និងម៉ិកស៊ិក ហើយថា លោកក៏បានអនុញ្ញាតឱ្យមេបញ្ជាការយោធាកងទ័ពវិស្វ័ករចាប់ផ្តើមគម្រោង និងប្រតិបត្តិការក្នុងទំហំទឹកប្រាក់១ពាន់ដុល្លារ ដើម្បីគំាទ្រដល់ក្រសួងសន្តិសុខមាតុភូមិ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។
សូមបញ្ជាក់បន្ថែមថា សភាអាម៉េរិកត្រូវបានគេរំពឹងថា នឹងធ្វើការបោះឆ្នោត សម្រេចមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ថាតើគួរតែលុបចោលការជំទាស់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ឬក៏យ៉ាងណា ដើម្បីបញ្ចប់ការប្រកាសភាពអាសន្នសន្តិសុខនៅតំបន់ព្រំដែន៕ធ.ដ