ពលរដ្ឋថៃក្នុងខេត្តឈៀងម៉ៃតស៊ូពាក់ម៉ាស់ទៅបោះឆ្នោត ទោះខេត្តនេះបំពុលខ្យល់ធ្ងន់បំផុតក៏ដោយ
បើទោះបីជាមានការបំពុលខ្យល់ក្នុងកម្រិតខ្ពស់យ៉ាងណាក្ដី ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តឈៀងម៉ៃ នៃប្រទេសថៃនៅបន្ដនាំគ្នាទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៤ ខែខែមីនា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Coconut ។ ខេត្តឈៀងម៉ៃ ទទួលបានពិន្ទុខ្ពស់រហូត៤៣៥ ដែលមាននៃថាជាតំបន់មានខ្យល់ពុលខ្លាំងជាងគេបំផុតក្នុងពិភពលោក ខណៈដែលទីក្រុង Dhaka ប្រទេសបង់ក្លាដេសឈរនៅលេខពីរមានគម្លាតឆ្ងាយគ្នាត្រឹម ២៥០ពិន្ទុប៉ុណ្ណោះ នេះដោយយោងតាមពិន្ទុចេញដោយស្ថាប័ន Air Quality Index។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងខេត្តឈៀងម៉ៃរាប់ពាន់នាក់ ត្រូវបានមើលឃើញថានាំគ្នាពាក់ម៉ាស់ដើម្បីទៅបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យ ខណៈអ្នកមានសិទ្ធិបោះឆ្នោតមានចំនួន ៨០%ក្នុងចំណោមប្រជាជនក្នុងខេត្តទាំងមូល។ គួរឲ្យដឹងថា ការបោះឆ្នោតថ្នាក់ជាតិថៃ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី ២៤ខែមីនា ដែលជាការបោះឆ្នោតលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ២០១៤មក ក្រោយដោយត្រូវពន្យារពេលជាច្រើនលើក ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។
លទ្ធផលបឋមបង្ហាញថា គណបក្សប្រឆាំង ភឿថៃ នាំមុខលើចំនួនអសនៈ តែចំនួនសំឡេងគាំទ្រវិញគឺគណបក្សរបស់លោក ប្រាយុទ្ធ គឺបក្ស ផ្លាង រ៉ាឆារ៉ាត់ ជាអ្នកនាំមុខ។ យ៉ាងណាក៏ដោយ លទ្ធផលបណ្តោះអាសន្នមិនទាន់ត្រូវបានប្រកាសផ្លូវការនៅឡើយទេ ពោលគឺត្រូវបានពន្យារពេលប៉ុន្មានលើកមកហើយ គ្រោងនឹងប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ៕ធ.ដ