តម្លៃគ្រាប់ស្វាយចន្ទីនៅវៀតណាម នៅតែបន្តធ្លាក់ថ្លៃ
យោងតាមសមាគមគ្រាប់ស្វាយចន្ទីវៀតណាម (Vinacas) បានឲ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ថ្លៃ នាពេលបច្ចុប្បន្ននេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២៦ មីនា ២០១៩។ ប្រភពថា តម្លៃស្វាយចន្ទីស្រស់ៗ ក្នុងមួយគីឡូក្រាម តម្លៃពី២៨០០០ទៅ៣០០០០ដុង នៅកសិដ្ឋាននានា ក្នុងខេត្ត Binh Phuoc ហើយគ្រាប់ស្វាយចន្ទីមានតម្លៃពី៣០០០០ទៅ៣២០០០ដុងក្នុង១គីឡូក្រាម សម្រាប់ចែកចាយទៅរោងចក្រ។
ប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន តម្លៃគឺ៤០០០០ទៅ៤២០០០ដុងក្នុង១គីឡូក្រាម សម្រាប់ផ្លែស្វាយចន្ទីស្រស់ ហើយពេលស្ងួតវិញ តម្លៃ៥០០០០ដុងក្នុង១គីឡូក្រាម។ យោងតាមពាណិជ្ជករថា តម្លៃនៅឆ្នាំ២០១៩នេះ នៅតែបន្តធ្លាក់ចុះ ហើយមិនទាន់មានសញ្ញាណាមួយបញ្ជាក់ថា មានតម្លៃល្អប្រសើរឡើងវិញនៅឡើយទេ។
សមាគមស្វាយចន្ទីវៀតណាមបញ្ជាក់ថា តម្លៃកើនឡើងតិចតួច ពីចុងខែកុម្ភៈ ក្នុងនោះ ស្វាយចន្ទីស្រស់១គីឡូតម្លៃពី២០០០០ទៅ២៤០០០ដុង ដោយសារតែរោងចក្របានផ្អាកបណ្តោះអាសន្ន លើផលិតកម្មគ្រាប់ស្វាយចន្ទី អំឡុងបុណ្យចូលឆ្នាំ។ វៀតណាមនាំចេញស្វាយចន្ទី៤៧៧០០តោន ក្នុងពេល២ខែដំបូង នៃឆ្នាំ២០១៩ រកចំណូលបានជាង៣៩០លានដុល្លារអាម៉េរិក។
ទំហំនេះកើនឡើង៤,២ភាគរយ ប៉ុន្តែតម្លៃវិញធ្លាក់ចុះជាង១៦ភាគរយ បើធៀងនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ថ្លៃត្រូវបានគេដឹងថា ដោយសារតែការផ្គត់ផ្គង់ច្រើនពេល ដោយបណ្តាប្រទេសផលិតស្វាយចន្ទី រួមមានដូចជាវៀតណាម កូឌីវ័រ នីហ្សេរីយ៉ា បេននីន ហ្សុំប៊ីក និងហ្គាណា នេះបើតាមការនាយកដ្ឋាននាំចេញនាំចូលពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម៕ធ.ដ