ស្ថាប័នឃ្លាំមើលការបោះឆ្នោតរិះគន់ថា ការបោះឆ្នោតនៅថៃមានការទិញសន្លឹកឆ្នោតច្រើន
សេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃទី២៥ មីនា ២០១៩ម្សិលមិញ ស្ថាប័ន P-Net ឬបណ្តាញប្រជាជនដើម្បីការបោះឆ្នោត ដោយគេដឹងថា ជាស្ថាប័នឃ្លាំមើលការបោះឆ្នោតដ៏សំខាន់មួយបានអះអាងថា មានការទិញសន្លឹកឆ្នោត ខាងកើតឆៀងខាងជើង និងតំបន់ភាគកណ្តាល នៃប្រទេសថៃ ដោយការទិញនេះបានកើតមានឡើង នៅពេលប៉ុន្មានយប់មុនថ្ងៃបោះឆ្នោត។
ស្ថាប័ននេះបានស្តីបន្ទោសបញ្ហានេះទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយថា ស្ថាប័ននេះ គ្មានវិធានការទប់ស្កាត់ទុបទល់នឹងកំហុសឆ្គងបែបនេះទេ ហើយគ.ជ.បក៏បរាជ័យក្នុងការបង្ហាញថា សកម្មភាពបែបនេះ គឺជាការបំពានច្បាប់ដែរ។ សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងដែរថា បណ្តាគណបក្សនិងបេក្ខភាពមួយចំនួន គឺពឹងដោយចំហលើមន្ត្រីរដ្ឋាភិបាល ក្នុងការទទួលយកប្រយោជន៍ពីការប្រកួតប្រជែងបោះឆ្នោតនេះ។ ស្ថាប័នឃ្លាំមើលការបោះឆ្នោតនេះជឿជាក់ថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌គ្រប់គ្រាន់ទេ។ ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌គឺចាំបាច់ត្រូវកែទម្រង់ និងផ្លាស់ប្តូរប្រទេសថៃ។
យ៉ាងណាក្តី ស្ថាប័ន P-Net នេះយល់ឃើញថា ការបោះឆ្នោតកាលពីថ្ងៃទី២៤ មីនា ២០១៩ បង្ហាញពីការរីកចម្រើនខ្លះៗដែរ បើនិយាយពីចំនួនគណបក្សនយោបាយចូលរួម ធៀបនឹងលើកមុនៗ ដោយក្នុងនោះ បណ្តាគណកប្សនយោបាយបានបង្ហាញគោលនយោបាយកែទម្រង់ជាច្រើន៕ធ.ដ